អ្នកនាំពាក្យក្រសួងការពារជាតិ រំលឹកឱ្យថៃគោរពឱ្យបានខ្ជាប់ខ្ជួនដូចកម្ពុជារាល់កិច្ចព្រមព្រៀងទាំងឡាយ ដែលបានឯកភាពគ្នានាពេលកន្លងទៅ

លោកជំទាវម៉ាលី សុជាតា លើកឡើងថា ក្នុងរយៈពេលជាង៣០ថ្ងៃនេះកិច្ចព្រមព្រៀងបទឈប់បាញ់ កម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់បំផុតរាល់គ្រប់ចំណុចទាំងអស់ ដែលបានឯកភាពគ្នាជាមួយភាគីថៃ ខណៈកម្ពុជាចាត់ទុកថា ការផ្តល់តម្លៃនៃកិច្ចព្រមព្រៀងបទឈប់បាញ់ គឺជាការឆ្លុះបញ្ចាំងពីការផ្តល់តម្លៃដល់ជីវិតមនុស្ស បេះដូងស្រលាញ់សន្តិភាព និងអ្នកជិតខាងល្អជាដើម។

 

លោកជំទាវម៉ាលី សុជាតា បានលើកឡើងផងដែរថា កម្ពុជានៅតែប្រកាន់ជំហរដោះស្រាយរាល់បញ្ហាទាំងឡាយដោយសន្តិវិធី ស្មោះត្រង់ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានជាដើម។

 

ជាមួយគ្នានេះលោកជំទាវអ្នកនាំពាក្យក៏បានបន្តអំពាវនាវយ៉ាងទទួចឲ្យភាគីថៃធ្វើការដោះលែងទាហានកម្ពុជាទាំង១៨ នាក់មកម្ពុជាវិញស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ និងតាមការទាមទាររបស់សហគមន៍អន្តរជាតិ ខណៈគិតមកដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះគឺមានរយៈពេល៣៤ថ្ងៃហើយបន្ទាប់ពីថៃ បានចាប់ពួកគេទៅដោយខុសច្បាប់ និងកំពុងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់៕

អត្ថបទដែលជាប់ទាក់ទង