បេក្ខជនជាង១៣.ពា០៥ន់នាក់ នៅខេត្តកណ្តាល ចូលរួមប្រឡងបាក់ឌុប ឆ្នាំ២០២៦ ក្រោមបរិយាកាសតឹងរឹង ស្របតាមពាក្យស្លោក «ចេះគឺជាប់

កណ្តាល៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដំណើរការនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ បានចាប់ផ្តើមបើកជាផ្លូវការហើយ នៅទូទាំងប្រទេស ក៏ដូចជានៅក្នុងទឹកដីខេត្តកណ្តាល។

ជាក់ស្តែង នៅមណ្ឌលវិទ្យាល័យហ៊ុនសែនតាខ្មៅ  ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត ឱម យ៉ិន ទៀង  ឧត្តមសេនីយ៍ទូឈឿន សុខចិត្តស្នងការខេត្តកណ្ដាល លោកចេង សំអុលប្រធានមន្ទីរអប់រំខេត្តកណ្ដាលយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគប្រចាំខេត្តកណ្តាល និងឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវិញ្ញាសារប្រឡង ព្រមទាំងបានពិនិត្យមើលដំណើរការ និងបរិយាកាសទូទៅ នៃការប្រឡងយ៉ាងយកចិត្តទុកដាក់បំផុត។

ក្នុងឱកាសនោះ ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត ឱម យ៉ិន ទៀង  និងឯកឧត្តមគួច ចំរើន បានមានប្រសាសន៍ណែនាំ និងផ្ដល់នូវការសំណេះសំណាលប្រកបដោយការគាំទ្រ ព្រមទាំងបានផ្តាំផ្ញើ និងជូនពរប្អូនៗក្មួយៗបេក្ខជនទាំងអស់ ឱ្យមានទំនុកចិត្តលើខ្លួនឯងខ្ពស់ និងខិតខំប្រឹងប្រែងបញ្ចេញអស់ពីសមត្ថភាព ក្នុងការធ្វើកិច្ចការវិញ្ញាសារឱ្យអស់ពីលទ្ធភាព។

ថ្នាក់ដឹកនាំទាំងពីរបានក្រើនរំលឹកដល់បេក្ខជនទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌ក្នុងការប្រឡង ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ញត្តិផ្ទៃក្នុង នៃការប្រឡង ក្រោមគោលការណ៍ យុត្តិធម៌ តម្លាភាព និងគុណភាព ដែលមានន័យថា «អ្នកចេះ គឺជាប់»។

បន្ថែមពីនេះ ថ្នាក់ដឹកនាំក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច ក្រុមការងារសុខាភិបាល ក្រុមយុវជន ACU និងលោកគ្រូ អ្នកគ្រូ អនុរក្ស និងគណៈមេប្រយោគទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តក្នុងការបំពេញតួនាទីយ៉ាងសកម្ម ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងភាពស្ងប់ស្ងាត់ល្អប្រសើរ។

ថ្នាក់ដឹកនាំទាំងពីរបានជូនពរប្អូនៗក្មួយៗបេក្ខជនទាំងអស់ទទួលបានលទ្ធផលល្អប្រសើរ និទ្ទេសល្អ និងប្រឡងជាប់គ្រប់ៗគ្នា ដើម្បីបន្តដំណើរទៅមុខលើថ្នាក់ឧត្តមសិក្សា និងក្លាយជាទំពាំងស្នងឫស្សីដ៏ឆ្នើម ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិយើងនាពេលអនាគត។

គួរជម្រាបជូនថា យោងតាមស្ថិតិបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខេត្តកណ្តាល (សម័យប្រឡង ១០ សីហា ២០២៦) បានឱ្យថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ ខេត្តពោធិ៍សាត់មានមណ្ឌលសំណេរ សរុបចំនួន៤មណ្ឌល ដោយបានបែងចែកជាប្រភេទថ្នាក់ ដូចខាងក្រោម៖

សូមជម្រាបថា ខេត្តកណ្ដាលមានមណ្ឌលប្រឡង  ចំនួន២០មណ្ឌល ស្មើនឹង ៥៤២បន្ទប់ កើន ៣៨បន្ទប់ ដែលមានថ្នាក់វិទ្យាសាស្ត្រ ០៦មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១៤មណ្ឌល នៅតាម ក្រុង ស្រុក ចំនួន៧៖
១-ក្រុងតាខ្មៅ មាន  ៥មណ្ឌល សម្រាប់បេក្ខជនមកពី៖ ក្រុងតាខ្មៅ ស្រុកស្អាង(វិទ្យាល័យ សអត ហស ត្រើយស្លា)- សាលាឯកជន(សុវណ្ណភូមិ -ប៊ែលធី-វេស្ទលែនដ៍) បេក្ខជនស្វៃរិនចំណេះទូទៅ បេក្ខជនបំពេញវិជ្ជា និង ស្វៃរិនបំពេញវិជ្ជា។
២-ស្រុកស្អាង មាន  ៣មណ្ឌល សម្រាប់បេក្ខជនមកពី៖ស្រុក ស្អាង ស្រុកកោះធំ និងក្រុងសំពៅពូន ។
៣-ស្រុកកៀនស្វាយ មាន  ២មណ្ឌល សម្រាប់បេក្ខជនមកពី៖ស្រុកកៀនស្វាយ និងស្រុក លើកដែក ។
៤-ស្រុកពញាឮ មាន ៣មណ្ឌល សម្រាប់បេក្ខជនមកពី ៖ ស្រុកពញាឮ និងស្រុកមុខកំពូល ។
៥-ស្រុកខ្សាច់កណ្តាល មាន  ៣មណ្ឌល សម្រាប់បេក្ខជនមកពី ៖ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងក្រុង អរិយក្សត្រ។
៦-ស្រុកកណ្ដាលស្ទឹង មាន  ២មណ្ឌល សម្រាប់បេក្ខជនមកពី ៖ ស្រុកកណ្ដាលស្ទឹង និងស្រុកអង្គស្នួល (ថ្នាក់វិទ្យាសាស្ត្រ០១មណ្ឌល)។
៧-ស្រុកអង្គស្នួល មាន ២មណ្ឌល សម្រាប់បេក្ខជនមកពីស្រុកអង្គស្នួល (ថ្នាក់វិទ្យាសាស្ត្រសង្គមទាំងអស់)។

បេក្ខជនចុះឈ្មោះប្រឡង
ឆ្នាំសិក្សា២០២៥-២០២៦ ខេត្តកណ្ដាល មានបេក្ខជនចុះឈ្មោះក្នុងបញ្ជីប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន ១៣,៣០៤នាក់ ស្រី ៧,៥២៨នាក់ ក្នុងនោះមាន៖
១-បេក្ខជនចំណេះទូទៅ
-ថ្នាក់វិទ្យាសាស្រ្ត ៣,០២៣នាក់ ស្រី ១,៧៩៤នាក់
-ថ្នាក់វិទ្យាសាស្រ្តសង្គម ១០ ២៨១នាក់ ស្រី ៥ ៧៣៤នាក់
២-បេក្ខជនស្វៃរិនចំណេះទូទៅ
-ថ្នាក់វិទ្យាសាស្រ្ត គ្មាន
-ថ្នាក់វិទ្យាសាស្រ្តសង្គម ៧៤៨នាក់ ស្រី  ៣៧១នាក់
៣-បេក្ខជនបំពេញវិជ្ជា
-ថ្នាក់វិទ្យាសាស្រ្ត            គ្មាន
-ថ្នាក់វិទ្យាសាស្រ្តសង្គម ២៤៨នាក់ស្រី  ៨០នាក់
៤-បេក្ខជនស្វៃរិនបំពេញវិជ្ជា
-ថ្នាក់វិទ្យាសាស្រ្ត            គ្មាន
-ថ្នាក់វិទ្យាសាស្រ្តសង្គម ៤៥នាក់ស្រី ០៨នាក់ ៕

អត្ថបទដែលជាប់ទាក់ទង