វេទិកាសារព័ត៌មាន ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើប្រាស់ផលិតផលជាតិ» ជំរុញការគាំទ្រផលិតផលខ្មែរ និងពង្រឹងសេដ្ឋកិច្ចជាតិ

ភ្នំពេញ÷ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅការិយាល័យកណ្តាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានរៀបចំកម្មវិធីវេទិកាសារព័ត៌មាន ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើប្រាស់ផលិតផលជាតិ» ក្នុងគោលបំណងលើកកម្ពស់ការផលិតក្នុងស្រុក ជំរុញការប្រើប្រាស់ផលិតផលខ្មែរ និងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។

វេទិកានេះមានការចូលរួមពី ឧកញ៉ា តែ តាំង ប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ និងសមាគមសហគ្រិនសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ព្រមទាំងអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធក្នុងវិស័យធុរកិច្ច។

កម្មវិធីនេះត្រូវបានសម្របសម្រួលដោយ លោកស្រី ថុង សុវណ្ណ រង្សីយ៍ អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា។

វេទិកាសារព័ត៌មាននេះមានសារៈសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់ផលិតផលក្នុងស្រុកចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេសការគាំទ្រសហគ្រាសធុនតូច និងមធ្យម ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលប្រជាពលរដ្ឋ និងពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក។

ជាមួយគ្នានេះ ការជំរុញឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលដែលផលិតក្នុងស្រុក គឺជាកត្តាសំខាន់ក្នុងការបង្កើតទីផ្សារសម្រាប់សហគ្រាសខ្មែរ លើកទឹកចិត្តដល់អ្នកផលិតក្នុងការកែលម្អគុណភាព ស្តង់ដារ និងការប្រកួតប្រជែងជាមួយផលិតផលនាំចូល។

តាមរយៈវេទិកានេះ ក៏ជាឱកាសសម្រាប់អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធបានចែករំលែកព័ត៌មាន ទស្សនៈ និងបទពិសោធន៍ ដើម្បីរួមគ្នាជំរុញចលនាគាំទ្រផលិតផលជាតិ និងបង្កើនស្មារតីស្រឡាញ់ផលិតផលខ្មែរ។

សូមចងចាំថា ការគាំទ្រផលិតផលខ្មែរ គឺជាការគាំទ្រសហគ្រិនខ្មែរ ការបង្កើតការងារជូនប្រជាពលរដ្ឋ និងការរួមចំណែកកសាងសេដ្ឋកិច្ចជាតិ។

រួមគ្នាផលិត រួមគ្នាប្រើប្រាស់ផលិតផលជាតិ ដើម្បីលើកស្ទួយសេដ្ឋកិច្ចកម្ពុជា និងអនាគតប្រកបដោយចីរភាព!

អត្ថបទដែលជាប់ទាក់ទង