ឯកឧត្តម គួច ចំរើន ផ្តាំផ្ញើយុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា កុំខ្លាចឧបសគ្គ ព្រោះឧបសគ្គជាឱកាសសម្រាប់លត់ដំ និងពង្រឹងភាពរឹងមាំ
(កណ្ដាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានផ្តាំផ្ញើដល់យុវជនស្ម័គ្រចិត្តដែលត្រូវទៅបំពេញកាតព្វកិច្ចយោធា ឱ្យមានភាពក្លាហាន មិនត្រូវខ្លាចឧបសគ្គ ត្រូវប្តេជ្ញាចិត្តខិតខំតស៊ូ គោរពវិន័យ និងបទបញ្ជា ព្រមទាំងរក្សាសាមគ្គីភាពជាមួយមិត្តរួមអង្គភាព ដើម្បីក្លាយជាកម្លាំងដ៏រឹងមាំសម្រាប់ការពារជាតិមាតុភូមិ។
ការផ្តាំផ្ញើនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ប្រមាណជាងបីរយនាក់ ទៅកាន់សាលាហ្វឹកហ្វឺនកងទ័ពខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកណ្ដាល។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានលើកឡើងថា ក្នុងរយៈពេលពីរឆ្នាំនៃការបំពេញកាតព្វកិច្ចយោធា យុវជនទាំងអស់ប្រាកដជាត្រូវជួបប្រទះនូវឧបសគ្គ និងការលំបាកមួយចំនួន ប៉ុន្តែអ្វីដែលសំខាន់គឺត្រូវចេះតស៊ូ យកឧបសគ្គធ្វើជាមេរៀនសម្រាប់ពង្រឹងសមត្ថភាព និងស្មារតីរបស់ខ្លួន។
ឯកឧត្តមបានគូសបញ្ជាក់ថា៖ «មនុស្សយើងមិនត្រូវខ្លាចឧបសគ្គទេ ឧបសគ្គក៏ជាឱកាស គ្មានឧបសគ្គ គ្មានឱកាសតស៊ូ គ្មានភាពលត់ដំ ហើយក៏គ្មានភាពរឹងមាំឡើយ។ ឆ្លងកាត់ឧបសគ្គតូច រឹងមាំតិច ឧបសគ្គធំ រឹងមាំខ្លាំង»។
ឯកឧត្តមបានបន្ថែមថា ឧបសគ្គដែលយុវជនត្រូវឆ្លងកាត់ក្នុងរយៈពេលពីរឆ្នាំនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការកសាងភាពជោគជ័យនៅថ្ងៃអនាគត។ ដូច្នេះ យុវជនទាំងអស់ត្រូវប្តេជ្ញាចិត្តខ្ពស់ ខិតខំហ្វឹកហាត់ គោរពវិន័យ បទបញ្ជា និងចេះស្រឡាញ់សាមគ្គីគ្នា។
ពាក់ព័ន្ធនឹងសារៈសំខាន់នៃកាតព្វកិច្ចយោធា ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ប្រទេសជាច្រើននៅលើពិភពលោកសុទ្ធតែមានការរៀបចំកាតព្វកិច្ចយោធា ដើម្បីធានានូវកម្លាំងការពារជាតិ។ ចំពោះប្រទេសកម្ពុជា បន្ទាប់ពីបានឆ្លងកាត់សង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំ សន្តិភាពត្រូវបានសម្រេចឡើងវិញតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ១៩៩៨។
ឯកឧត្តមបានបន្តថា បទពិសោធន៍ពីអតីតកាលបានបង្ហាញថា ក្នុងនាមជាប្រទេសជាតិមួយ ចាំបាច់ត្រូវមានកងកម្លាំងសកម្ម និងកម្លាំងបម្រុងដ៏រឹងមាំ។ ដូច្នេះ ក្រោយពេលបញ្ចប់កាតព្វកិច្ចយោធា យុវជនទាំងអស់នឹងក្លាយជាកម្លាំងបម្រុងដ៏សំខាន់របស់ជាតិ។ ការស្ម័គ្រចិត្តរបស់យុវជននាពេលនេះ គឺជាការលះបង់ភាពសប្បាយរីករាយផ្ទាល់ខ្លួន ដើម្បីបំពេញកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមក្នុងការការពារមាតុភូមិ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងពីអត្ថប្រយោជន៍នៃការបំពេញកាតព្វកិច្ចយោធារយៈពេលពីរឆ្នាំ ដោយបញ្ជាក់ថា ការរស់នៅក្នុងបរិយាកាសដែលមានវិន័យម៉ឺងម៉ាត់ ការហ្វឹកហាត់កាយសម្បទា និងការរស់នៅជាក្រុម នឹងជួយឱ្យយុវជនទទួលបានសុខភាពមាំមួន ស្មារតីរឹងប៉ឹង សតិអារម្មណ៍ល្អ និងចំណេះដឹងផ្នែកយោធា ព្រមទាំងជៀសវាងពីសកម្មភាពអវិជ្ជមានមួយចំនួន ដូចជាអំពើក្មេងទំនើង និងបញ្ហាគ្រឿងញៀន។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ចំពោះយុវជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានបំណងចង់បន្តអាជីពក្នុងជួរកងទ័ព ឬកងរាជអាវុធហត្ថ ក្រោយបញ្ចប់កាតព្វកិច្ច រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នឹងផ្តល់អាទិភាពដល់ពួកគេ។ មិនត្រឹមតែស្ថាប័នរដ្ឋប៉ុណ្ណោះទេ បណ្តាក្រុមហ៊ុនឯកជន រោងចក្រ និងសហគ្រាសនានា ក៏អាចផ្តល់អាទិភាពដល់បុគ្គលិកដែលធ្លាប់ឆ្លងកាត់ការបំពេញកាតព្វកិច្ចយោធា ដោយសារពួកគេមានវិន័យ និងការទទួលខុសត្រូវខ្ពស់ក្នុងការងារ។
នៅចុងបញ្ចប់ ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាណាព្យាបាល និងក្រុមគ្រួសារទាំងអស់ ដែលបានលះបង់កូនចៅជាទីស្រឡាញ់ ដើម្បីចូលរួមបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិ ដែលបង្ហាញពីស្មារតីស្នេហាជាតិ និងការចូលរួមចំណែកក្នុងការកសាងកម្លាំងការពារជាតិឱ្យកាន់តែរឹងមាំ៕
