ឯកឧត្តមបណ្ឌិតផែន សុផល អញ្ជើញជាអធិបតីក្នុងពិធីកាត់កញ្ចប់វិញ្ញាសា បើកសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ឆ្នាំ២០២៦ នៅមណ្ឌលអនុវិទ្យាល័យអង្គភ្នំតូច
ស្រុកអង្គរជ័យ ៖ ការធានាឱ្យបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងសុក្រឹតភាព ស្របតាមទិសស្លោក «អ្នកចេះជាប់» នៃរាល់សម័យប្រឡងថ្នាក់ជាតិ គឺជាកិច្ចការងារអប់រំដ៏ចម្បងដែលតែងតែទទួលបានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដិតដល់ពី ឯកឧត្តមបណ្ឌិតផែន សុផលជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គភ្នំតូចដើមី្បវាស់ស្ទង់សមត្ថភាពពិត និងពង្រឹងគុណភាពធនធានមនុស្សពីថ្នាក់មូលដ្ឋាន។ ជាក់ស្តែងនាព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតផែន សុផលជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គភ្នំតូចបានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង «ពិធីកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់សម័យប្រឡង៖ ០៦-០៧ កក្កដា ២០២៦»។
ពិធីកាត់កញ្ចប់ប្រធានវិញ្ញាសាដំបូងនាព្រឹកមិញនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅមណ្ឌលប្រឡង អនុវិទ្យាល័យអង្គភ្នំតូច ស្ថិតក្នុង ឃុំអង្គភ្នំតូចបានចូលរួមកាត់បើកវិញ្ញាសាប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅមណ្ឌលអនុវិទ្យាល័យអង្គភ្នំតូច ដោយមានការអញ្ជើញចូលរួមពីសំណាក់ តំណាងគណៈកម្មការអនុរក្ស លោកប្រធាន-អនុប្រធានមណ្ឌលប្រឡង គណៈកម្មការមេប្រយោគ អាជ្ញាធរមូលដ្ឋានសង្កាត់ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យប្រចាំការយ៉ាងយកចិត្តទុកដាក់។
មុននឹងឈានដល់ការកាត់កញ្ចប់វិញ្ញាសា ឯកឧត្តមបណ្ឌិត និងគណៈគ្រប់គ្រងមណ្ឌល បានបង្ហាញកញ្ចប់ប្រធានវិញ្ញាសាដែលបិទស្លាកស្នាមសាមីត្រឹមត្រូវ និងមានការពិនិត្យ ផ្តិតមេដៃដឹងឮពីតំណាងបេក្ខជនសិស្សានុសិស្ស ដើមី្បបញ្ជាក់ពីភាពស្អាតស្អំ និងគ្មានការលេចធ្លាយវិញ្ញាសាឡើយ។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតផែន សុផលបានអញ្ជើញចុះសាកសួរសុខទុក្ខតាមបន្ទប់ប្រឡង និងបានពាំនាំនូវបណ្តាំផ្ញើជូនពរជ័យពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងលោកអភិបាលស្រុកអង្គរជ័យ ណែនាំឱ្យក្មួយៗបេក្ខជនទាំងអស់ ត្រូវខិតខំប្រឹងប្រែងបញ្ចេញឱ្យអស់ពីសមត្ថភាព រក្សាភាពស្ងប់ស្ងាត់ ទំនុកចិត្តលើខ្លួនឯង និងត្រូវគោរពបទបញ្ជាផ្ទៃក្នុងនៃការប្រឡងឱ្យបានខ្ជាប់ខ្ជួន។
ដំណើរការសំណេរពេញមួយព្រឹកនេះ បានប្រព្រឹត្តទៅដោយរលូន ល្អប្រសើរ ប្រកបដោយរបៀបរៀបរយខ្ពស់ ក្រោមការជួយសម្របសម្រួល និងការពារសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងតឹងរ៉ឹងពីកងកម្លាំងសមត្ថកិច្ច និងប្រជាការពារនៅជុំវិញបរិវេណមណ្ឌលប្រឡង។
ឯកឧត្តមបណ្ឌិតផែន សុផលសូមប្រសិទ្ធពរជ័យសិរីសួស្តីជូនដល់ក្មួយៗបេក្ខជនសិស្សានុសិស្សទាំងអស់ ក្នុងភូមិសាស្ត្រស្រុកអង្គរជ័យ ក៏ដូចជាទូទាំងខេត្តកំពត សូមមានសុខភាពល្អ កម្លាំងមាំមួន ស្មារតីវៃឆ្លាត ឆ្លើយគ្រប់វិញ្ញាសាបានត្រឹមត្រូវ និងទទួលបានជោគជ័យ ជ័យលាភីជាប់ត្រចះត្រចង់គ្រប់ៗរូប៕
