ក្រុមការងារថ្នាលយុវជនកម្ពុជា នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់ជូនប្រជាពលរដ្ឋខ្វះខាត ២គ្រួសារ នៅសង្កាត់ព្រែកហូរ
កណ្តាល៖ ដោយទទួលបានការណែនាំពី លោក រីន រ៉ាវី ឯកឧត្តម ទួន សុខុន និងលោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិថ្នាលយុវជនកម្ពុជាថ្នាក់កណ្តាល និងជាទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុមការងារថ្នាលយុវជនកម្ពុជា បានសហការជាមួយលោក រិទ្ធ រាជសីហ៍ អនុប្រធានកិត្តិយសសមាគមថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តកណ្តាល លោក ហ៊ី សុភាព ចៅសង្កាត់ព្រែកហូរ ព្រមទាំងអនុប្រធាន ប្រធានផ្នែក និងសមាជិកមួយចំនួន នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈ ឯកឧត្តម ផេង គឹមស្រ៊ុន ទៅប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងគ្មានទីពឹង ចំនួន ២គ្រួសារ។
ប្រជាពលរដ្ឋទាំងពីរគ្រួសារ រួមមាន៖
លោកស្រី អឿន សុខុមនិងលោក ខៀវ លឹមអ្នកទាំងពីររស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
គ្រួសារនីមួយៗទទួលបានអំណោយដូចគ្នា រួមមាន៖
អង្ករ ៤បេ
មី ៤កេស
ទឹកត្រី ២យួរ
ទឹកស៊ីអ៊ីវ ២យួរ
ទឹកសុទ្ធ ១០យួរ
ប៊ីចេង ២កញ្ចប់
ស្ករស ២កញ្ចប់
អំបិល ២កញ្ចប់
ត្រីខ ២យួរ
ថវិកា ២០ម៉ឺនរៀល
ក្នុងឱកាសនោះ លោក ម៉ៅ ផល្លា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ក្រុមការងារ និងលោកយាយលោកតាដែលបានអញ្ជើញមកទទួលអំណោយនាឱកាសនោះ។
លោកក៏បានលើកឡើងថា ក្រុមការងារទាំងអស់ត្រូវបន្តរក្សាភាពស្មោះស្ម័គ្រ និងស្មោះត្រង់ចំពោះគណបក្សប្រជាជនកម្ពុជា ព្រោះថ្នាក់ដឹកនាំកើតចេញពីប្រជាជន ជារបស់ប្រជាជន និងបម្រើប្រជាជន។
ជាមួយគ្នានេះ លោក រិទ្ធ រាជសីហ៍ អនុប្រធានកិត្តិយសសមាគមថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តកណ្តាល បានថ្លែងថា ក្រុមការងារទាំងមូលប្តេជ្ញាបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំប្រទេសជាតិបន្តទៅមុខ ដើម្បីសម្រេចបាននូវគោលដៅ និងផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍជាតិ។
ដោយឡែក ឯកឧត្តម ទួន សុខុន បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះសុខសន្តិភាព ព្រមទាំងថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តកណ្តាល ដែលតែងតែសហការគ្នាយ៉ាងល្អ និងលះបង់ពេលវេលាចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដើម្បីជួយសង្គមជាបន្តបន្ទាប់។
ជាទីបញ្ចប់ ឯកឧត្តមបានជូនពរដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។ ទន្ទឹមនឹងនេះ ក៏បានគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
