ស្ថិតក្នុងនីតិកាលទី៥ នៃព្រឹទ្ធសភា បានចាត់ទុកនយោបាយការទូតជាកិច្ចការងារមួយដ៏សំខាន់ក្នុងការចូលរួមចំណែកធានានិរន្តរភាពសុខសន្តិភាព និងនយោបាយនៅក្នុងប្រទេសកម្ពុជា ខណៈបណ្តាប្រទេសមួយចំនួននៅក្នុងពិភពលោកកំពុងកើតមានសង្គ្រាម។
ឯកឧត្តមបណ្ឌិត ចែម ឌីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងអាណត្តិរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ បានកំណត់វិសាលភាពលើកិច្ចការងារចំនួនពីរសំខាន់រួមមាន៖ទី១.ការងារការទូតសភា និងទី២. ជំរុញការងាររវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅមូលដ្ឋានដោយផ្ទាល់។ ការថ្លែងនេះ បានធ្វើឡើងក្នុងវិធីជំនួបពិភាក្សារវាងក្លឹបអ្នកការសែតកម្ពុជា ជាមួយគណៈការទី៥នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ស្តីពីនយោបាយការទូតសភានៅព្រឹកថ្ងៃទី១៩ខែមិថុនានេះ។
ឯកឧត្តមបណ្ឌិត ចែម ឌីឌ្យ៉ា មានប្រសាសន៍បន្តថា នយោបាយការទូតសភាបានចូលរួមចំណែកយ៉ាងសំខាន់ជួយពង្រឹងសន្តិភាព និងនយោបាយនៅក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចការងារទូតជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីឱ្យរាជរដ្ឋាភិបាលអាណិត្តទី៧ នៃរដ្ឋសភាដឹកនាំប្រទេសដោយរលូន។
គួរបញ្ជាក់ដែរថា នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា និងនីតិកាលទី៥នៃព្រឹទ្ធសភា បានចាត់ទុតការទូតសភាជាការងារអាទិភាពមួយ ក្នុងការចូលរួមលើកកម្ពស់ តួនាទីរបស់កម្ពុជា ជាពិសេសសភាកម្ពុជា និងព្រឹទ្ធសភា ក្នុងទំនាក់ទំនងការទូតសភាដែលមានភាពកាន់តែសំខាន់ក្នុងការលើកកម្ពស់កិច្ចសន្ទនាដើម្បីសន្តិភាព និងវិបុលភាព ឆ្លើយតបនឹងបញ្ហាប្រឈមនានា និងបង្កើនទំនាក់ទំនងរវាងប្រទេស ជាដើមក្នុងការនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕