ត្បូងឃ្មុំ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងម៉ូតូ និងរថយន្ត។ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចគីឡូម៉ែត្រលេខ ៩ ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
យោងតាមប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុ និងរូបភាពជាក់ស្តែងបានបង្ហាញឱ្យឃើញថា គ្រោះថ្នាក់នេះកើតឡើងរវាងរថយន្តប្រភេទវ៉ែន ពណ៌សមួយគ្រឿង និងម៉ូតូមួយគ្រឿង។ កម្លាំងបុកទង្គិចយ៉ាងខ្លាំងចំពីមុខ បានបណ្តាលឱ្យម៉ូតូរងគ្រោះជាប់គាំងនៅកាងខាងមុខរថយន្ត ព្រមទាំងធ្វើឱ្យកញ្ចក់រថយន្តខាងមុខបែកខ្ទេចផងដែរ។
តាមរយៈភស្តុតាងនៅកន្លែងកើតហេតុ ម៉ូតូជនរងគ្រោះពាក់ស្លាកលេខ ក្រចេះ 1C-2168 ចំណែកឯរថយន្តពាក់ស្លាកលេខដែលបញ្ចប់ដោយលេខ 3323។ ជាអកុសល ជនរងគ្រោះទាំង ២នាក់ ដែលធ្វើដំណើរតាមម៉ូតូ បានស្លាប់បាត់បង់ជីវិតនៅលើដងផ្លូវយ៉ាងអាណោចអាធ័ម។
ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ បានចុះមកដល់ទីតាំងផ្ទាល់ ដើម្បីពិនិត្យ វាស់វែង និងស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ ព្រមទាំងស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ ដើម្បីទាក់ទងទៅក្រុមគ្រួសារ។
ព័ត៌មានលម្អិតបន្ថែម ក្រុមការងារយើងនឹងធ្វើការផ្សាយជូនជាបន្តបន្ទាប់នៅពេលក្រោយ៕

