លោកពៅ គឹមលីអភិបាលរងក្រុងតាខ្មៅ អញ្ជើញជាអធិបតីក្នុងពិធីបំផុសចលនាដាំដើមឈើដើម្បីរក្សាស្មារតីរុក្ខទិវាមានចំនួន១៥០០ដើមនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ
កណ្តាល៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦លោកពៅ គឹមលី អភិបាលនៃគណៈអភិបាលរងក្រុងតាខ្មៅបានអញ្ជើញជាអធិបតីក្នុងពិធីបំផុសចលនាដាំដើមឈើដើម្បីរក្សាស្មារតីរុក្ខទិវារនៅភូមិ ទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មានប្រសាសន៍ក្នុងឱកាសនោះ លោកពៅ គឹមលី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបច្ចុប្បន្នបន្តដោយសម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលបានបន្តរៀបចំពិធី “ រុក្ខទិវា “ ថ្នាក់ជាតិជារៀងរាល់ឆ្នាំ ដោយឡែកនៅ២០២៦នេះ រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍ផ្អាកការប្រារព្ធពិធីរុក្ខទិវាថ្នាក់ជាតិដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ប៉ុន្តែការបំផុសចលនាដាំដើមឈើនៅតាមមូលដ្ឋាននៅតែបន្តធ្វើដើម្បីរក្សាស្មារតីរុក្ខទិវានេះគឺជាចលនាជាតិមួយដ៏សំខាន់ ក្នុងការស្ដារ និងអភិរក្សធនធានធម្មជាតិស្របតាមគោលនយោបាយជាតិក្នុងគោលបំណងអភិរក្ស និងលើកស្ទួយ នូវសម្បត្តិធម្មជាតិប្រកបដោយចីរភាព ជាពិសេសរក្សាការពារព្រៃឈើដែលជាជម្រកដ៏សំខាន់បំផុតរបស់សត្វគ្រប់ប្រភេទ និងទុកជាប្រយោជន៍សម្រាប់មនុស្សគ្រប់ជំនាន់។
លោកពៅ គឹមលី ឧទ្ទិសឱ្យពិធីបំផុសចលនាដាំដើមឈើដើម្បីរក្សាស្មារតីរុក្ខទិវាស្ថិតនៅក្នុងបេះដូង របស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ក្លាយជាប្រពៃណី និងចលនាជាតិនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ។ការដាំឈើប្រភេទសំណង់ និងប្រភេទផ្ដល់ផ្កានាពេលនេះគឺជាការវិនិយោគបៃតងលើធម្មជាតិដែល ផ្តល់ផលប្រយោជន៍សម្រាប់មនុស្សជាតិ សត្វ និងធ្វើឱ្យមូលដ្ឋានភូមិ ឃុំសង្កាត់មានទេសភាពបៃតងរស់រវើកគ្រប់រដូវកាល
លោកពៅគឹមលីបានណែនាំដល់រដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថានត្រូវបន្តបណ្ដុះកូនឈើហូបផ្លែ និងកូនឈើប្រណីតដើម្បីចែកជូនដល់ប្រជាពលរដ្ឋដាំដុះឱ្យបានផុសផុល។
លោកពៅ គឹមលី អំពាវនាវដល់អាជ្ញាធរ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សត្រូវយកចិត្តទុកដាក់ដាំ និងថែទាំដើមឈើឱ្យបានលូតលាស់ល្អ ពោលគឺធានាថាកូនឈើដែលបានដាំត្រូវតែរស់និងលូតលាស់ល្អ។
លោកពៅគឹមលី បានផ្ដាំផ្ញើដល់សិស្សានុសិស្សត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសអាជ្ញាធរ និងលោកគ្រូអ្នកគ្រូត្រូវបង្កើនការអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀនសំដៅធ្វើយ៉ាងណាឱ្យសហគមន៍គ្មានគ្រឿងញៀន៕
