ក្រសួងកសិកម្ម រៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពី «ដំឡូងមី ដំណាក់កាលទី២ ដើម្បីពង្រឹង និងអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា»
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី «ការរៀបចំផែនការយុទ្ធសាស្ត្រជាតិ ស្តីពីដំឡូងមី ដំណាក់កាលទី២» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន និងឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាព និងនាយកដ្ឋានជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងកំណត់ទិសដៅជាយុទ្ធសាស្ត្រ ព្រមទាំងយន្តការអនុវត្តសម្រាប់ការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពី «ដំឡូងមី ដំណាក់កាលទី២ សំដៅបន្តលើកកម្ពស់ផលិតកម្ម ការកែច្នៃ និងការពង្រីកទីផ្សារដំឡូងមីរបស់កម្ពុជា ឱ្យមានប្រសិទ្ធភាព និងមានភាពប្រកួតប្រជែងកាន់តែខ្ពស់»។
កិច្ចប្រជុំបានផ្តោតលើយុទ្ធសាស្រ្តសំខាន់ៗរួមមាន ៖ ការអភិវឌ្ឍផលិតកម្មដំឡូងមី តាមរយៈការលើកកម្ពស់ការប្រើប្រាស់ពូជមានគុណភាពល្អ មានជាតិម្សៅខ្ពស់ និងធន់នឹងជំងឺ ព្រមទាំងជំរុញការរៀបចំសហគមន៍កសិកម្មទំនើប ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម និងកាត់បន្ថយថ្លៃដើម ការតភ្ជាប់ផលិតកម្មទៅនឹងទីផ្សារ តាមរយៈកសិកម្មតាមកិច្ចសន្យាជាមួយរោងចក្រកែច្នៃ ដើម្បីផ្តល់ភាពច្បាស់លាស់ដល់កសិករអំពីតម្លៃ ស្តង់ដារ និងកាត់បន្ថយហានិភ័យទីផ្សារ ការពង្រឹងកិច្ចសហការអន្តរក្រសួង ក្នុងការរៀបចំផែនការសកម្មភាពលើយុទ្ធសាស្ត្រអភិវឌ្ឍផលិតកម្ម ការកែច្នៃ និងការពង្រីកទីផ្សារ ព្រមទាំងពិពិធកម្មការនាំចេញដំឡូងមី។
ទន្ទឹមនឹងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រជាតិ ស្តីពីដំឡូងមី ដំណាក់កាលទី២ ឱ្យឆ្លើយតបនឹងបញ្ហាប្រឈម និងនិន្នាការទីផ្សារក្នុងតំបន់ និងពិភពលោក។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្ត គោលនយោបាយជាតិស្តីពីដំឡូងមី ឆ្នាំ២០២០-២០២៥ ក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍខ្សែច្រវាក់តម្លៃដំឡូងមីកម្ពុជា។ ដោយផ្អែកលើលទ្ធផលដែលសម្រេចបាន រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបន្តរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីដំឡូងមី ដំណាក់កាលទី២ សម្រាប់រយៈពេល៥ឆ្នាំបន្ត ដើម្បីបន្តពង្រឹងផលិតភាព គុណភាព ការកែច្នៃ តម្លៃបន្ថែម និងទីផ្សារ ឱ្យវិស័យដំឡូងមីកម្ពុជាកាន់តែមានប្រសិទ្ធភាព និរន្តរភាព និងភាពប្រកួតប្រជែង៕
