ឯកឧត្តមបណ្ឌិត ផែន សុផល អញ្ជើញទទួលដំណើរទស្សនកិច្ចរបស់ប្រតិភូវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩

អង្គរជ័យ៖ នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ផែន សុផល ទីប្រឹក្សាក្រសួងមហាផ្ទៃ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំអង្គភ្នំតូច បានអញ្ជើញចូលរួមទទួលដំណើរទស្សនកិច្ចរបស់ប្រតិភូវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលមានប្រតិភូមកពីចំនួន ១៧ប្រទេស នៅមណ្ឌលសុខភាពអង្គភ្នំតូច ស្ថិតក្នុងស្រុកអង្គរជ័យ ខេត្តកំពត។

ក្នុងឱកាសនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត រួមមាន អភិបាលរងខេត្ត ស្នងការ និងស្នងការរងនគរបាលខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលស្រុកអង្គរជ័យ មន្ត្រីសុខាភិបាល ប្រធាន និងបុគ្គលិកមណ្ឌលសុខភាព អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។

ក្នុងដំណើរទស្សនកិច្ចនេះ អាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនគណៈប្រតិភូ ដើម្បីឱ្យដំណើរទស្សនកិច្ចប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។

ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំគណៈប្រតិភូ និងអ្នកចូលរួម ដាំដើមឈើទុកជាអនុស្សាវរីយ៍ និងជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការ និងការយកចិត្តទុកដាក់លើបរិស្ថាន និងសុខភាពសាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង