អភិបាលខេត្តកណ្តាល ចុះពិនិត្យគម្រោងសាងសង់សាលារៀន និងគម្រោងជួសជុល និងដាក់លូបង្ហូរទឹកក្នុងក្រុងតាខ្មៅ

កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ទីរជំនាញ មានមន្ទីរអប់រំយុវជន និងកីឡាខេត្ត មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត អាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីជំនាញ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់សាលារៀន និងគម្រោងជួសជុល និងដាក់លូបង្ហូរទឹកក្នុងក្រុងតាខ្មៅក្នុងគោលបំណងពិនិត្យគុណភាព ស្តង់ដារបច្ចេកទេស និងវឌ្ឍនភាពនៃការងារសាងសង់ឱ្យស្របតាមផែនការដែលបានកំណត់។

ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ បានចុះពិនិត្យ គម្រោងសាងសង់សាលាបឋមសិក្សាព្រែកតាពៅ ដែលជាអគារសិក្សាថ្មីមួយខ្នង មានកម្ពស់២ជាន់ មាន១០បន្ទប់ មានទទឹង៩ម៉ែត្រ និងបណ្តោយ៤៦ម៉ែត្រ។ ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន បានបន្តចុះពិនិត្យ គម្រោងសាងសង់សាលាបឋមសិក្សាព្រែកឫស្សី មួយខ្នងទៀត ដែលមានកម្ពស់២ជាន់ មាន ១៨បន្ទប់ មានទទឹង១១ម៉ែត្រ និងបណ្តោយ ៧៩ម៉ែត្រ គម្រោងសាងសង់អគារសិក្សាថ្មីទាំងពីរនេះ គឺមានសារៈសំខាន់ខ្លាំង ក្នុងការបង្កើនសមត្ថភាពទទួលសិស្ស និងបង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាព សមរម្យ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយអគារសិក្សានេះដែរ ក៏នឹងរួមចំណែកពង្រីកវិស័យអប់រំ និងជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សនៅក្នុងតំបន់ ដែលមានតម្រូវការកើនឡើងជារាងរាល់ឆ្នាំផងដែរ។

ក្នុងការចុះពិនិត្យទីតាំងសាលារៀនទាំងពីរ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់អ្នកទទួលគម្រោងសាងសង់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់លើការអនុវត្តការងារ ឱ្យស្របទៅតាមស្តង់ដាលក្ខណៈបច្ចេកទេសសំណង់ ត្រូវធានាថាសំណង់មានគុណភាពខ្ពស់ មានសុវត្ថិភាព មួយវិញទៀត គណៈគ្រប់គ្រងសាលាត្រូវខិតខំរៀបចំបរិវេណសាលាឱ្យមានសោភ័ណភាព និងបរិយាកាសអំណោយផលដល់ការបង្រៀន និងការរៀនសូត្ររបស់សិស្សានុសិស្ស។ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ក្រុមការងារសាងសង់ ត្រូវអនុវត្តគម្រោងឱ្យបានរួចរាល់តាមពេលវេលាដែលបានកំណត់ ស្របទៅតាមតាមប្លង់ និងស្តង់ដារដែលបានគ្រោងទុក សំណង់ត្រូវតែមានភាពភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ ក៏បានបន្តចុះពិនិត្យ គម្រោងជួសជុល និងដាក់លូបង្ហូរទឹកមួយខ្សែ ប្រវែង៨៧០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងតំបន់ផ្សារតាខ្មៅថ្មី ស្ថិតក្នុងសង្កាត់ដើមមៀន ដែលគម្រោងប្រព័ន្ធលូនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការកែលម្អប្រព័ន្ធរំដោះទឹកក្នុងក្រុងតាខ្មៅ ជាពិសេសនៅតំបន់ដែលមានសកម្មភាពពាណិជ្ជកម្ម និងប្រជាពលរដ្ឋរស់នៅច្រើន។ ការរៀបចំប្រព័ន្ធលូឱ្យបានល្អ នឹងជួយបង្កើនសមត្ថភាពបង្ហូរទឹកបានទាន់ពេលវេលា កាត់បន្ថយការកកស្ទះទឹក បណ្តាលឱ្យជនលិច មានការដក់ទឹកនៅលើដងផ្លូវជាដើម ព្រមទាំងជួយលើកកម្ពស់សោភ័ណភាព និងអនាម័យបរិស្ថានល្អ ក្នុងតំបន់ផ្សារតាខ្មៅថ្មី។

នាឱកាសចុះពិនិត្យគម្រោងជួសជុល និងដាក់លូបង្ហូរទឹកនោះដែរ ឯកឧត្តម គួច ចំរើន បានណែនាំដល់មន្ទីរជំនាញ អាជ្ញាធរក្រុងតាខ្មៅ និងអ្នកពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់តាមដាន និងជំរុញការអនុវត្តគម្រោងនេះឱ្យបានរួចរាល់ទាន់ពេលវេលា ដោយត្រូវផ្តោតជាសំខាន់លើ គុណភាព សុវត្ថិភាព ស្តង់ដារបច្ចេកទេស និងប្រសិទ្ធភាពនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋ ត្រូវធានាថាមិនមានការជនលិចនៅពេលមានមេឃភ្លៀងដូចពេលមុនទៀតឡើយ។ ឯកឧត្តមអភិបាលខេត្តក៏បានសូមការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋមួយរយៈពេលសិន ក្នុងអំឡុងពេលជួសជុល និងដាក់ប្រព័ន្ធលូ ដែលធ្វើឱ្យបងប្អូនពិបាកក្នុងការធ្វើដំណើរ ប៉ុន្តែនៅពេលដែលគម្រោងបានបញ្ចប់រួចរាល់ នឹងធានាថាតំបន់នេះមិនមានទឹកលិចនៅពេលភ្លៀងធ្លាក់ ដូចពេលមុនទៀតឡើយ៕

អត្ថបទដែលជាប់ទាក់ទង