លោកអភិសន្តិបណ្ឌិត ស សុខា៖ ការជំរុញចលនាប្រឡងប្រណាំងផ្តល់សេវាសាធារណៈ ជាគន្លឹះលើកកម្ពស់គុណភាពសេវាជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាសហអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍នៃការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ការបង្កើត ជំរុញ និងពង្រឹងការអនុវត្តចលនាប្រឡងប្រណាំងផ្តល់សេវាជូនប្រជាពលរដ្ឋ គឺជាយន្តការដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈ និងជំរុញឱ្យសាលារៀន មណ្ឌលសុខភាព និងមន្ទីរពេទ្យ បន្តពង្រឹងអភិបាលកិច្ចល្អ បង្កើនប្រសិទ្ធភាពការងារ និងឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ លោកក៏បានផ្តល់អនុសាសន៍គន្លឹះចំនួន ៩ ចំណុច ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបន្តពង្រឹង និងកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។
