(កណ្តាល)៖ ឯកឧត្តមនៃ និយម
សមាជិកគណៈអចិន្រ្តៃយ៍គណបក្សបខេត្តកណ្តាល និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា សង្កាត់តាខ្មៅ។
ក្នុងឱកាសនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអនុប្រធានក្រុមការងារចុះជួយសង្កាត់តាខ្មៅ គណៈកម្មាធិការគណបក្សក្រុងតាខ្មៅ គណៈកម្មាធិការសង្កាត់តាខ្មៅ ព្រមទាំងសមាជិក សមាជិកាជួរយុវជនគណបក្សប្រជាជនកម្ពុជា សង្កាត់តាខ្មៅ ចំនួនជាង ៤៧៥នាក់។
ឯកឧត្តម នៃ និយម បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជន ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងការបន្តវេន និងអភិវឌ្ឍន៍គណបក្សឱ្យកាន់តែរីកចម្រើន។
ឯកឧត្តមបានជំរុញឱ្យថ្នាក់ដឹកនាំយុវជនដែលទើបនឹងជាប់ឆ្នោតទាំងអស់ ខិតខំបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ចំពោះគណបក្ស និងបម្រើប្រជាជនឱ្យអស់ពីកម្លាំងកាយចិត្ត។
ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឱ្យយុវជនទាំងអស់បន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម និងនយោបាយ ដើម្បីរួមចំណែកកសាង និងការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ។
ពិធីបោះឆ្នោតនេះមិនត្រឹមតែជាការជ្រើសរើសថ្នាក់ដឹកនាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីដំណើរការប្រជាធិបតេយ្យផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដែលតែងតែផ្តល់ឱកាសឱ្យយុវជនបានចូលរួមក្នុងការសម្រេចចិត្ត និងដឹកនាំ។
ថ្នាក់ដឹកនាំយុវជនដែលត្រូវបានជ្រើសរើសនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគោលនយោបាយគណបក្ស និងកៀរគរការគាំទ្រពីមហាជន ជាពិសេសពីស្រទាប់យុវជន ដើម្បីបន្តរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕


