សមាគមថ្នាលយុវជនកម្ពុជា រៀបចំពិធីជួបជុំស្តីពីគោលការណ៍រៀបចំកិច្ចដំណើរការសាខា អនុសាខា និងផែនការសម្រាប់ពិធីមហាសន្និបាតប្រចាំឆ្នាំ២០២៦

ភ្នំពេញ៖ នាថ្ងៃទី១១/0៧ឆ្នាំ២០២៦ សមាគមថ្នាលយុវជនកម្ពុជា បានរៀបចំពិធីសំណេះសំណាយ និងប្រជុំអំពីដំណើរការស្តីពី «គោលការណ៍រៀបចំកិច្ចដំណើរការតាមបណ្តាសាខា រាជធានីខេត្ត និងអនុសាខា រួមទាំងផែនការទិសដៅសម្រាប់ពិធីមហាសន្និបាតប្រចាំឆ្នាំ២០២៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក រិន រ៉ាវី ប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្ដម ទួន សុខុន អនុប្រធានក្រុមប្រឹក្សាភិបាល លោកហ៊ុន សុវណ្ណារ៉ា សមាជិកក្រុមប្រឹក្សាភិបាល និងលោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាល ។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំថ្នាក់កណ្តាល ហើយនិងប្រធាន-អនុប្រធានសាខារាជធានី ខេត្ត និងអនុសាខាក្រុង ស្រុក ខ័ណ្ឌ សង្កាត់ ឃុំ យ៉ាងច្រើនទៀតផងដែរ។

គោលបំណងចម្បងនៃពិធីជួបជុំនេះ គឺដើម្បីពង្រឹងរចនាសម្ព័ន្ធផ្ទៃក្នុង ណែនាំពីយន្តការការងារ សំដៅធានាឱ្យបាននូវនិរន្តរភាព និងប្រសិទ្ធភាពការងារនៅតាមបណ្តាសាខា និងអនុសាខាទូទាំងប្រទេស ជាពិសេសគឺការពិភាក្សា និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រក្នុងការរៀបចំពិធីមហាសន្និបាតប្រចាំឆ្នាំ២០២៦ ខាងមុខនេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

ពិធីជួបជុំនេះបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល យោគយល់ និងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ដែលជាសញ្ញាណវិជ្ជមានមួយបង្ហាញពីការត្រៀមខ្លួនរួចរាល់របស់សមាគមថ្នាលយុវជនកម្ពុជា ក្នុងការឆ្ពោះទៅរកទំព័រថ្មី១ដោយជោគជ័យថ្មីនៅក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២៦ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង