កំពង់ធំ ៖ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នេះ រដ្ឋបាលស្រុកស្ទោង បានរៀបចំពិធីប្រកាសចូលកាន់តំណែងលោក យ៉ុម ហឿន ជាអភិបាលរង នៃគណៈអភិបាលស្រុកស្ទោង ក្រោមអធិបតីភាពឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកំពង់ធំ។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប នៅអគាររដ្ឋបាលស្រុកស្ទោង។
ពិធីនេះត្រូវបានរៀបចំឡើងស្របតាមការសម្រេចរបស់ក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិជាធរមាន ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន។ នៅក្នុងពិធីនេះ ក៏មានការអានប្រកាស ព្រមទាំងប្រគល់ប្រកាស និងបំពាក់ឋានៈជាផ្លូវការជូនដល់លោកអភិបាលរងស្រុកថ្មី ស្របតាមនីតិវិធីរដ្ឋបាល។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកំពង់ធំ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរពីថ្នាក់ដឹកនាំខេត្ត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងស្រុកស្ទោង ដែលកន្លងមកបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការបម្រើសេវាជូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលរងខេត្ត បានសម្តែងការអបអរសាទរចំពោះលោក យ៉ុម ហឿន ដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យលោកអភិបាលរងស្រុកថ្មី ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ដឹកនាំប្រកបដោយតម្លាភាព គណនេយ្យភាព វិន័យ សីលធម៌ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគណៈអភិបាលស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
ឯកឧត្តមក៏បានក្រើនរំលឹកដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវបន្តថែរក្សាសាមគ្គីភាពផ្ទៃក្នុង លើកកម្ពស់គុណភាពសេវាសាធារណៈ និងបំពេញការងារដោយឈរលើគោលការណ៍ «បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងមានប្រសិទ្ធភាព» សំដៅបង្កើនទំនុកចិត្តកាន់តែខ្លាំងចំពោះរដ្ឋបាលថ្នាក់មូលដ្ឋាន។
ក្នុងឱកាសដ៏មានអត្ថន័យនោះ លោក យ៉ុម ហឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំខេត្ត ដែលបានផ្តល់ទំនុកចិត្តតែងតាំងលោកជាអភិបាលរងស្រុកស្ទោង។
លោកបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំបំពេញតួនាទី និងភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពច្បាប់ គោរពវិន័យរដ្ឋបាល ប្រកាន់ខ្ជាប់នូវគោលការណ៍បម្រើប្រជាពលរដ្ឋ និងសហការយ៉ាងល្អជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍស្រុកស្ទោងឱ្យមានការរីកចម្រើនលើគ្រប់វិស័យ៕
