ផ្ទុះធុងហ្គាស បណ្ដាឲ្យមនុស្សចំនួន មួយគ្រួសារគ្នា៥ នាក់បានរងរបួសធ្ងន់-ស្រាល នៅឃុំបែកចាន ស្រុកអង្គស្នួល

(កណ្ដាល)៖ ករណីផ្ទុះធុងហ្គាសបានបណ្ដាលឲ្យបុរសជាម្ចាស់ខាងលើម្នាក់រងរបួសធ្ងន់ធ្ងរ ចំណែកប្រពន្ធរបស់គាត់រួមជាមួយក្មួយប្រុសម្នាក់ និងចៅ២នាក់ ព្រមទាំងបុរសជាសន្តិសុខម្នាក់រងរបួសស្រាល ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ០៨និង៣០នាទីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងផ្ទះល្វែងមួយកន្លែងផ្ទះលេខ១០៤ ផ្លូវលេខ០៩A បូរីពិភពថ្មីកំបូល៣ ភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ជនរងគ្រោះដែលរបួសធ្ងន់ឈ្មោះចន្ធី ភេទប្រុស អាយុប្រហែល ៥៥ឆ្នាំ មុខរបររត់ម៉ូតូកង់បីរងរបួសធ្ងន់ ចំណែកអ្នករបួសស្រាលរួមមាន ១-ឈ្មោះសុខា ភេទស្រី អាយុប្រហែល៥៣ឆ្នាំ ត្រូវជាប្រពន្ធ របស់គាត់ មុខរបរមេផ្ទះ ២-ឈ្មោះព្រលិត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ រោងចក្រ ត្រូវជាក្មួយ ៣-ឈ្មោះនីសា ភេទស្រី អាយុ៨ឆ្នាំ ត្រូវជាចៅ ។ ៤-ឈ្មោះជីង ចាំង ភេទប្រុស អាយុ៤ឆ្នាំ ត្រូវជាចៅ ៥-ឈ្មោះសិទ្ធ លាង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាសន្តិសុខបុរី ពិភពថ្មីកំបូល២ ស្នាក់នៅក្នុងបុរីនោះ ។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលឲ្យដឹងថា ការផ្ទុះធុងហ្គាសនោះបង្កឲ្យមានការឆាបឆេះបណ្ដាលឲ្យផ្ទះទំហំ 4m x 12m សង់ពីថ្ម ប្លង់សេ១សន្លឹក រងការខូចខាតប្រហែល៥០ភាគរយ រួមទាំងខោអាវនិងចំណែកសម្ភារៈប្រើប្រាស់ មួយចំនួន និងទ្វារកញ្ចក់ទ្វារផងដែរ ។

លោកអះអាងថា តាមការបំភ្លឺពីសន្តិសុខបុរីពិភពថ្មីម្នាក់ ឈ្មោះកឹម ប៉ង់ អាយុ២៨ឆ្នាំ ស្នាក់នៅក្នុងផ្សារបូរីពិភពថ្មីកំបូល២ ថា នៅមុនពេលកើតហេតុ ស្រ្តីឈ្មោះសុខា ដែលជាប្រពន្ធម្ចាស់ផ្ទះបានទៅហៅលោកសិទ្ធ លាង ដែលជាសន្តិសុខបុរីពិភពថ្មីនោះ ឲ្យទៅជួយជួសជុលចង្ក្រានហ្គាស ដែលលេចធ្លាយ ហ្គាស់ ។ លុះក្រោយពេលជួសជុលរួចរាល់រាល់ បុរសឈ្មោះចន្ធី ដែលជាម្ចាស់ផ្ទះក៏បាន មួលបេីកធុងហ្គាស និងកាច់ចង្រ្កានបញ្ឆេះ ក៏ ស្រាប់តែផ្ទុះ ឆេះ បណ្ដាលឲ្យរងរបួសតែម្ដង ហើយភ្លាមនោះបានអ្នកជិតខាងទៅជួយពន្លត់ទើបរលត់ទៅវិញ ។

លោកអធិការបន្តទៀតថា ខណៈនោះបានបណ្ដាលឲ្យបុរសជាម្ចាស់ផ្ទះខាងលើត្រូវភ្លើងឆាបឆេះរលាករលួយខ្លួនប្រាណ ដៃ ជើងធ្ងន់ធ្ងរ រីឯស្រ្តីជាប្រពន្ធរបស់គាត់ និងសន្តិសុខ ឈ្មោះសិទ្ធ លាង ព្រមទាំងក្មួយ និងចៅៗរបស់គាត់រងរបួសស្រាល ។ ក្រោយពេលកេីតហេតុ ជនរងគ្រោះ ទាំងអស់នោះត្រូវបានក្រុមគ្រួសារនិងអ្នកជិតខាង ដឹកតាមរថយន្តយកទៅសង្រ្គោះ បន្ទាន់នៅមន្ទីរពហុព្យាបាលនិងសម្ភពសុខា កំបូល ៕

អត្ថបទដែលជាប់ទាក់ទង