អង្គការសំអាតទន្លេ សមុទ្រ បានរៀបចំកម្មវិធី“ទិវាអំពើល្អពិភពលោក លោកទី៧ 7th World Good Deeds Day” នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ
កណ្តាល៖ អង្គការសំអាតទន្លេ សមុទ្រ បានសហការជាមួយមន្ទីរបិស្ថានខេត្តកណ្តាលរៀបចំកម្មវិធី“ទិវាអំពើល្អពិភពលោក លោកទី៧ 7th World Good Deeds Day” នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ក្រោមអធិបតីភាពឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងៃទី3 ខែមេសា ឆ្នាំ២០២៦ ។
មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានចូលរួមអបអរសាទរ ទិវាអំពើល្អពិភពលោក លើកទី៧ (7th World Good Deeds Day ) និងកោតសរសើរដល់មន្ទីរបរិស្ថានខេត្តកណ្តាល អង្គការសំអាតទន្លេ សមុទ្រ ភាគីពាក់ព័ន្ធនានា និងសិក្សានុសិស្ស ដែលតែងតែចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរដ្ឋបាលខេត្ត ក្នុងការថែរក្សាបរិស្ថាន និងចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀន ទីតាំងនានា នៃភូមិសាស្ត្រ ខេត្តកណ្តាល និងសូមឱ្យសកម្មភាព និងអំពើល្អទាំង នេះមានជានិរន្តរ៍ និងបន្តរីកសាយក្នុងបេះដូងខ្មែរគ្រប់ៗរូប។
ឯកឧត្តម អភិបាលរងខេត្ត បានបន្តទៀតថា៖អំពើល្អអាចធ្វើបានគ្រប់ពេលវេលា គ្រប់ទីកន្លែង នៅផ្ទះឬក្រៅផ្ទះ ឬនៅកន្លែងការងារ។ អំពើល្អនាំមកនូវសេចក្តីសប្បាយរីករាយ ជាអំពើបុណ្យ សុខភាពល្អ សុភមង្គល ភាពថ្លៃថ្នូរ សោភ័ណភាព ទឹកស្អាត ទាំងទន្លេ និងសមុទ្រ បឹងបួមានអនាម័យ ត្រជាក់ត្រជុំ សម្បូរសប្បាយ ចរាចរណ៍ ទេសចរណ៍កើនឡើង និរន្តរភាពស្បៀងអាហារ សេដ្ឋកិច្ចរីកចម្រើន ប្រទេស និងពិភពលោកទាំងមូលមានសន្តិភាព។ អំពើល្អផ្តើមពីចិត្តគំនិត ដោយមិនគិតអំពីភាពមាន ឬក្រ ពណ៌សម្បុរ ភេទ ក្មេង ឬចាស់ នោះឡើយដូច្នេះមនុស្សគ្រប់រូបអាចធ្វើអំពើល្អ និងបន្តពង្រីកអំពើល្អរបស់យើងឱ្យកាន់តែទូលំទូលាយទៅតាមលទ្ធភាព និងសមត្ថភាព។
ឯកឧត្តម ក៏បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកណ្តាល ចូលរួមវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសទុកដាក់ក្នុងធុងសំរាម និងចូលរួមប្រើប្រាស់សេវាសំរាមឱ្យបានគ្រប់ខ្នងផ្ទះ ព្រោះការគ្រប់គ្រងសំរាមតាមខ្នងផ្ទះ ជាកាតព្វកិច្ច របស់ម្ចាស់សំរាម ឬអ្នកបង្កើតសំរាម សូមកុំចោលសំរាមពាសវាលពាសកាល តាមដងផ្លូវ ក្នុងទឹក ទីវាល ប្រព័ន្ធលូ និងទីកន្លែងសាធារណៈ។
តាមរបាយការណ៍របស់អង្គការសំអាតទន្លេ សមុទ្រ ចាប់ពីឆ្នាំ២០២០ មកដល់ពេលនេះ សំរាម ប្រមាណ ៣ ០០០ តោន ត្រូវបានប្រមូលចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងខេត្តកណ្តាល ប្រមាណ ៩០០ តោន។ ម៉្យាងទៀត សំណល់ទាំងនេះ ក៏ត្រូវបានយកទៅបម្លែងជាថាមពល ក្លាយជាចំណែកមួយនៃការផលិតស៊ីម៉ងត៍ផងដែរ៕

