វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានប្រារព្ធទិវាអូទីសឹ្សមកម្ពុជាលើកទី១៣ និងអន្តរជាតិលើកទី១៩ ក្រោមប្រធានបទ “បរិវត្តកម្មឌីជីថល និងបរិយាបន្នជនអូទីស្សឹម និងដោនស៊ីនដ្រូមលើគ្រប់វិស័យ”
កណ្តាល៖ វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានប្រារព្ធទិវាអូទីសឹ្សមកម្ពុជាលើកទី១៣ និងអន្តរជាតិលើកទី១៩ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ដោយមានអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ សេង សុជាតិតា ប្រធានគណៈកម្មការគ្រប់គ្រងសាលា រៀន (គ.គ.ស) ព្រមទាំងមានការចូលរួមផងដែរ ពីថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ថ្លែងក្នុងទិវានេះ លោកជំទាវ សេង សុជាតិតា បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធធ្វើទិវាអូទីស្សឹមនេះជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤មក ដោយមានការចូលរួមគាំទ្រយ៉ាងសកម្មពី ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងស្ថាប័នរដ្ឋនានា និងអង្គការសង្គមស៊ីវិល ដែលធ្វើការងារពាក់ព័ន្ធវិស័យពិការភាព និងជនអូទីស្សឹម ។ លោកជំទាវ បានបន្តថា បុគ្គលអូទីស្សឹម ត្រូវបានគេកំណត់តាមរយៈ ៣ចំនុចសំខាន់ៗរួមមាន៖ ទី១ ពិបាកក្នុងការប្រាស្រ័យទំនាក់ទំនងសង្គម ទី២ វិបត្តិភាសា និងការនិយាយស្តី និងទី៣ បញ្ហាវិបត្តិអាកប្បកិរិយាជាមួយមនុស្សជុំវិញខ្លួន សហគមន៍ និងសង្គមគ្រួសារជាដើម ហើយបើទោះបីជាអ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញមូលហេតុច្បាស់លាស់នៃអូទីស្សឹមក្នុងរយៈពេលជាង ៨០ឆ្នាំកន្លងមកនេះក្តី ក៏ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺការយល់ដឹង និងការកាត់បន្ថយការរើសអើងជនអូទីស្សឹមក្នុងសង្គម ។
លោកជំទាវ បានបញ្ជាក់ថា តាមរយៈការរៀបចំទិវានេះ យើងទាំងអស់គ្នានឹងបន្តខិតខំបញ្ជ្រាបការយល់ដឹងអំពីបញ្ញាអូទីស្សឹម និងបន្តរួមគ្នាបញ្ឈប់ការរើសអើងដល់ជនអូទីស្សឹមមទាំងអស់គ្នា។ នាឱកាសនោះដែរ លោកជំទាវ សេង សុជាតិតា ព្រមទាំងលោកគ្រូ អ្នកគ្រូអាណាព្យាបាលសិស្ស ក៏បានផ្តល់នូវក្តីស្រឡាញ់ ដល់ប្អូនសិស្សានុសិស្សដែលមានបញ្ហាអូទីស្សឹមទាំងអស់ ដោយការលេងល្បែងប្រជាប្រិយខ្មែរ និងការរាំលេងកម្សាន្តផងដែរ។
លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានថ្លែងយ៉ាងជ្រាលជ្រៅបំផុតដល់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានឧបត្ថម្ភគាំទ្រអគារសិក្សា ថវិកា ផ្តល់អាហារ សម្ភារៈសិក្សាដល់ វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ។
លោក ចាន់ សារិន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឧបត្ថម្ភអគារសិក្សាមួយខ្នងកម្ពស់០៣ជាន់ ស្មើនិង១៨បន្ទប់ ហើយអ្វីជាពិសេសទៅទៀត នៅដើមឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចឧបត្ថម្ភអគារសិក្សា១ខ្នងទៀត មានកម្ពស់៣ជាន់ ស្មើនិង ១៨បន្ទប់ តាមរយៈឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយយ័តក្រុងព្រះសីហនុ និងសប្បុរជនដ៏ទៃទៀត ដែលសរុបអគារសិក្សាមានចំនួន៣ ស្មើនិង៤៤បន្ទប់ នេះហើយជាសមិទ្ធផលដែលបានមកពីការយកចិត្តទុកដាក់ដ៏ ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាយើង។
