(កណ្ដាល)៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដីធ្លី ស្ថិតក្នុងភូមិចំនួន៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន សូមអញ្ជើញមកទទួលបណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) របស់ខ្លួននៅការិយាល័យច្រកចេញចូលតែមួយ សាលាក្រុងសំពៅពូន។
ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋសរុបចំនួន ៤,៦៨២ បណ្ណ ក្នុងភូមិជាច្រើន រួមមាន ភូមិជ្រោយស្នោ ភូមិព្រែកជ្រៃ ភូមិខ្នារតាំងយូ ភូមិព្រែកជ្រៃក្រៅ ភូមិខ្នារតាំងយូត្បូង ភូមិព្រែកទន្លា សង្កាត់ព្រែកជ្រៃ និងភូមិកំពង់ថ្កុល ភូមិកប៉ាល់គឿង និងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រោមអធិបតីភាពរួមមាន ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន, ឯកឧត្តម នូ សាខន និងឯកឧត្តមអភិបាលខេត្ត។
ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ការផ្ដល់បណ្ណកម្មសិទ្ធិនាពេលនេះ ត្រូវអនុវត្តតាមប្រព័ន្ធ «ច្រកចេញចូលតែមួយ» ដែលមានភាពងាយស្រួល និងមានប្រសិទ្ធភាព ដោយមន្ត្រីជំនាញជាអ្នកសម្របសម្រួលឯកសារជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃសេវា។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅតែមានកាតព្វកិច្ចបង់ពន្ធតាមច្បាប់រដ្ឋកំណត់។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំយ៉ាងតឹងរឹងដល់មន្ត្រីសុរិយោដីគ្រប់លំដាប់ថ្នាក់ ត្រូវធានាថាបណ្ណកម្មសិទ្ធិទាំងអស់ ត្រូវប្រគល់ដល់ដៃម្ចាស់ដោយផ្ទាល់ មិនអនុញ្ញាតឱ្យមានការបញ្ជូនឯកសារឲ្យប្រជាពលរដ្ឋរត់ការផ្ទាល់ឡើយ។ ក្នុងករណីមានភាពមិនប្រក្រតី ប្រជាពលរដ្ឋអាចរាយការណ៍ជូនអាជ្ញាធរដើម្បីចាត់វិធានការទាន់ពេលវេលា។
ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋថា បណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) គឺជាឯកសារសំខាន់បំផុត សម្រាប់បញ្ជាក់សិទ្ធិកាន់កាប់ស្របច្បាប់ អាចប្រើប្រាស់ក្នុងការទិញលក់ បញ្ចាំ ឬអភិវឌ្ឍដីធ្លីបានដោយមានសុវត្ថិភាព និងទទួលស្គាល់ដោយអាជ្ញាធរ ជៀសវាងជម្លោះ និងការរំលោភបំពាន។
ឯកឧត្តមបានបន្ថែមថា ក្រុងសំពៅពូន ជាមួយនឹងក្រុង-ស្រុកផ្សេងទៀតក្នុងខេត្តកណ្ដាល បានបិទបញ្ចប់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធរួចរាល់ ហើយមានតែបណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ប៉ុណ្ណោះ ដែលមានសុពលភាពពេញលេញក្នុងការធ្វើប្រតិបត្តិការទាក់ទងនឹងដីធ្លី។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបទល្មើសបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយណែនាំឱ្យពិនិត្យឯកសារឲ្យបានត្រឹមត្រូវ មុនធ្វើកិច្ចសន្យាជួលអចលនវត្ថុ ជាពិសេសជាមួយជនបរទេស និងសូមសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ច ប្រសិនបើមានសកម្មភាពគួរឱ្យសង្ស័យ ដើម្បីអាចចាត់វិធានការបានទាន់ពេលវេលា។
គោលនយោបាយនេះ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ ហ៊ុន ម៉ាណែត ដែលបាននឹងកំពុងជំរុញការគ្រប់គ្រងដីធ្លីឱ្យមានប្រសិទ្ធភាព បង្កើនសុវត្ថិភាព និងកាត់បន្ថយវិវាទដីធ្លី ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ៕
