ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តកណ្តាល
កណ្តាល ៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនេះឡើង គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការអនុវត្តយ៉ាងត្រឹមត្រូវនូវលក្ខន្តិកៈរបស់សមាគមដែលជា «នីតិបុគ្គល» តំណាងឱ្យសម្លេង និងជាអ្នកការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ ក្នុងខេត្តកណ្តាល ព្រមទាំងជាអ្នកអភិវឌ្ឍសមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដែលនឹងរួមចំណែកលើកកម្ពស់គុណភាព នៃជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែប ប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានបន្តថា គោលបំណងនៃការបង្កើតសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺបង្កើតជានីតិបុគ្គល ធ្វើជាតំណាងឱ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលជាសមាជិករបស់ខ្លួន សំដៅការពារផលប្រយោជន៍រួមរបស់ សមាជិក ជំរុញកិច្ចសហប្រតិបត្តិការរវាងសមាជិក ការអភិវឌ្ឍសមត្ថភាព និងលទ្ធភាពសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវមុខងារ និងធនធានស្របតាមច្បាប់ សម្រាប់សមាជិករបស់ខ្លួន តាមរយៈការចូលរួមក្នុងដំណើរការតស៊ូ មតិការពិភាក្សា ពិគ្រោះយោបល់លើការរៀបចំគោលនយោបាយច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធផ្សេងៗ របស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ។
លោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល បានបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សា និង គណៈកម្មាធិការប្រតិបត្តិលើកទី២ អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល (ហៅកាត់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកណ្តាល) ដែលនឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ ក្នុងគោលបំណងវាយតម្លៃសមិទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦៕
