លោក ជ័យ សុគុន រងការចោទប្រកាន់ពីប្រជាពលរដ្ឋថាសុំច្បាប់ពីក្រសួងបរិស្ថាន ជីកស្រះក្នុងតំបន់ការពារ និងអភិរក្សធនធានធម្មជាតិដែនជម្រកសត្វព្រៃបឹងពែរ ធ្វើអាជីវកម្មយកអាចម៏ដីលក់អោយក្រុមហ៊ុន ស្វាយចន្ទីមួយកន្លែង
សៀមរាប៖ ប្រជាពលរដ្ឋចោទប្រកាន់ លោក ជ័យ សុគុន ពាក់ព័ន្ធការជីកស្រះក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃបឹងពែរ ធ្វើអាជីវកម្មយកអាចម៍ដីលក់
ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះករណី លោក ជ័យ សុគុន ត្រូវបានចោទប្រកាន់ថា បានរត់ច្បាប់ពីក្រសួងបរិស្ថាន ដើម្បីជីកស្រះក្នុងតំបន់ការពារ និងអភិរក្សធនធានធម្មជាតិ ដែនជម្រកសត្វព្រៃបឹងពែរ ក្នុងគោលបំណងធ្វើអាជីវកម្មយកអាចម៍ដីទៅលក់ឲ្យក្រុមហ៊ុនឯកជនមួយ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា តំបន់ដែនជម្រកសត្វព្រៃបឹងពែរ គឺជាតំបន់ដែលអតីតព្រះមហាក្សត្រ សម្តេច ព្រះនរោត្តម សីហនុ បានចេញព្រះរាជក្រឹត្យ កំណត់ឲ្យរក្សាទុកជាតំបន់អភិរក្ស ដើម្បីការពារព្រៃឈើ ជាជម្រកសត្វព្រៃ និងថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ។
ប្រភពដដែលបានបន្តថា កាលពីមុន លោក ជ័យ សុគុន ធ្លាប់បានរត់ច្បាប់ឲ្យបុគ្គលម្នាក់ឈ្មោះ ជី ថាំង ជីកស្រះនៅចំណុចកំពឹស ក្នុងសហគមន៍ដំណាក់ខ្លាចត្រាច ស្ថិតក្នុងភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
ទោះជាយ៉ាងណា ច្បាប់អនុញ្ញាតនោះត្រូវបានចាត់ទុកថា មិនគ្រប់ជ្រុងជ្រោយ ដោយមានការអនុញ្ញាតត្រឹមតែមេឃុំ និងអភិបាលស្រុកប៉ុណ្ណោះ មិនមានការអនុញ្ញាតពីក្រសួងបរិស្ថានឡើយ។
ដោយសារការជីកស្រះប៉ះពាល់ដល់តំបន់អភិរក្ស គ្រឿងចក្រត្រូវបានមន្ទីរបរិស្ថានខេត្តសៀមរាប បញ្ជាឲ្យបញ្ឈប់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។
បន្ទាប់មក លោក ជ័យ សុគុន មិនបានបញ្ឈប់សកម្មភាពរបស់ខ្លួនទេ ដោយបានបន្តរត់ច្បាប់រហូតដល់ក្រសួងបរិស្ថាន ហើយដាក់ឈ្មោះខ្លួនឯងជាម្ចាស់ដីអាស្រ័យផលលើដីរដ្ឋ ជំនួសលោក ជី ថាំង។
នៅថ្ងៃទី២០ ខែមករាឆ្នាំ២០២៦ក្រសួងបរិស្ថានបានអនុញ្ញាតឲ្យជីកស្រះនៅទីតាំងដដែល ទំហំ ៥០ម៉ែត្រគុណ ៥០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ។
យ៉ាងណាក៏ដោយ ក្នុងលិខិតអនុញ្ញាត បានបញ្ជាក់យ៉ាងច្បាស់ថា ការជីកស្រះមិនត្រូវប៉ះពាល់ដល់ធនធានធម្មជាតិ និងមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មយកអាចម៍ដីទៅលក់ឡើយ។
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ឌុច គីមដម អភិបាលរងខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យទីតាំង និងសន្និដ្ឋានថា ករណីនេះគ្មានបទល្មើស ដោយសារមាន៖
១) ច្បាប់អនុញ្ញាតពីក្រសួងបរិស្ថាន
២) ប័ណ្ណអនុញ្ញាតជីកយកអាចម៍ដីពីសាលាស្រុកជីក្រែង
ទោះជាយ៉ាងណា មន្ត្រីបរិស្ថានម្នាក់ ដែលធ្លាប់ជាអ្នកគ្រប់គ្រងតំបន់នេះ និងសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ក្នុងអំឡុងពេលដែល ឯកឧត្តម ម៉ុក ម៉ារ៉េត និងឯកឧត្តម សាយ សំអាល់ ជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ការកាប់ឈើ ឬដឹកជញ្ជូនឈើចេញពីតំបន់អភិរក្ស សូម្បីតែ១ដើម ក៏ត្រូវទទួលការផាកពិន័យតាមច្បាប់យ៉ាងតឹងរឹង។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់តាម Telegram ថា ក្រសួងអនុញ្ញាតឲ្យជីកស្រះក្នុងតំបន់សហគមន៍ការពារធនធានធម្មជាតិ ប៉ុន្តែមិនមែនអនុញ្ញាតឲ្យធ្វើអាជីវកម្មយកអាចម៍ដីទៅលក់នោះឡើយ។
ប៉ុន្តែ ប្រជាពលរដ្ឋជាច្រើននាក់បានអះអាងថា លោក ជ័យ សុគុន មិនបានជីកស្រះតាមគោលបំណងដូចក្នុងលិខិតស្នើសុំទេ ប៉ុន្តែបានជីកយកអាចម៍ដីទៅលក់ឲ្យក្រុមហ៊ុនស្វាយចន្ទីឯកជនមួយ នៅភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាសកម្មភាពអាជីវកម្មយ៉ាងច្បាស់លាស់។
ជាចុងក្រោយ ប្រជាពលរដ្ឋបានលើកសំណួរទៅកាន់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត ថា៖
១) តើប្រជាពលរដ្ឋទាំងអស់ ដែលអាស្រ័យផលលើដីរដ្ឋ ក្នុងតំបន់សហគមន៍ការពារធនធានធម្មជាតិ អាចស្នើសុំជីកស្រះបានដូចករណីលោក ជ័យ សុគុន ដែរឬទេ?
២) តើក្រសួងបរិស្ថាន នឹងមានវិធានការយ៉ាងណា ប្រសិនបើបញ្ជាក់បានថា ការជីកស្រះនេះ ត្រូវបានយកទៅធ្វើអាជីវកម្មលក់អាចម៍ដីជាការពិត?៕ ការិយាល័យផ្សាយ 0889846555/012926014
