(ខេត្តកណ្តាល) នៅថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តតំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ សាមញក្រុមប្រឹក្សាខេត្តលើកទី២០ អាណត្តិទី៤ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និងនាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្តជាច្រើនរូប។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានបន្តខិតខំយកចិត្តទុកដាក់ក្នុងការងារចរាចរណ៍ ដែលបានធ្វើឱ្យបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកណ្ដាលមានការថយចុះក្នុងឆ្នាំ២០២៥។ ទន្ទឹមនិងនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តខិតខំធ្វើឱ្យបញ្ហាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះជាបន្តទៀតក្នុងឆ្នាំ ២០២៦នេះ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានក្រើនរំលឹកដល់មន្ទីរអង្គភាពនានា និងអាជ្ញាធរក្រុង-ស្រុក កម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តខិតខំបំរើសេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ មានប្រសិទ្ធភាព និងឆាប់រហ័ស ជាពិសេសត្រូវបន្តជួយឧបត្ថម្ភគាំទ្រដល់វិរៈកងទ័ព និងជនភៀសសឹកផងដែរ។ ជាមួយគ្នានេះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ត្រូវបន្តខិតខំចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនដល់ដៃប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នាតាមផែនការដែលបានគ្រោងទុក ពោលគឺចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលឱ្យអស់ នៅមុនពេលឬក្រោយពេលចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម តាំង ម៉េងលាន បានធ្វើការជំរុញ និងលើកទឹកចិត្តដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ត្រូវបន្តខិតខំបន្ថែមទៀតក្នុងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពោលគឺនៅពេលចេញបានកម្មសិទ្ធិរួចរាល់ហើយត្រូវប្រគល់ឱ្យដល់ដៃប្រជាពលរដ្ឋ មួយវិញទៀតត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋដើម្បីជំរុញឱ្យពួកគាត់មកទទួលបណ្ណ័ពីមន្ត្រីជំនាញ។ ឯកឧត្តមអភិបាលរងខេត្ត បានបន្ថែមថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ មានសារៈសំខាន់ណាស់ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់។
សូមជម្រាបដែរថា ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្តបានធ្វើការពិនិត្យ ពិភាក្សា អនុម័ត និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ដែលសរុបមានចំនួន ១១របៀបវារៈសំខាន់ៗ។
