បងប្អូនប្រជាពលរដ្ឋភៀសសឹក ២០០គ្រួសារ និងបងប្អូនជីវភាពខ្វះខាត ១០០០គ្រួសារ ក្នុងស្រុកអង្គស្នួល បានទទួលអំណោយពីឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ប្រាក់ សុខុន
កណ្តាល ៖ ព្រឹកថ្ងៃសៅរ៍ទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋភៀសសឹក ២០០គ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១០០០ គ្រួសារ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គស្នួល ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ ទោះបីស្បៀងអាហារទាំងនេះមិនច្រើនពិតមែន តែជាទឹកចិត្តមនុស្សធម៌ជួយគ្នាក្នុងគ្រាលំបាក ដោយចេញពីចិត្តរបស់យើងទាំងអស់គ្នា ព្រោះក្នុងដំណាក់កាលនេះប្រទេសជាតិយើងជួបបញ្ហាដោយមានការឈ្លានពានពីប្រទេសថៃ។ដូចនេះរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកំពុងតែខ្វល់ខ្វាយ និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការការពារទឹកដីរបស់យើង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចទាំងពីរតែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពូជសាសន៍ ឬបក្សពួកនិយមអ្វីឡើយ។ សម្តេចតែងតែព្រួយបារម្ភ ពីទុក្ខលំបាករបស់ពលរដ្ឋភៀសសឹកនាពេលនេះ ដោយមិនទុកឲ្យពលរដ្ឋណាម្នាក់ដាច់ស្បៀងឡើយ។
ទន្ទឹមនេះឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់ទិសទី បន្តសាមគ្គី ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្នេហាជាតិ និងចេះជួយគ្នាក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបទុក្ខលំបាក រួបរួមគ្នាក្នុងស្មារតីខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ និងសូមមានជំនឿចិត្តលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែង តែនៅរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់ កាលៈទេសៈ និងគ្រប់ដំណាក់កាល និងទឹកចិត្តដ៏អង់អាចក្លាហាន របស់វីរៈកងទ័ពយើង ក្នុងបុព្វហេតុជាតិមាតុភូមិ និងការការពារបូរណភាពទឹកដី ពីចោរឈ្លានពានផងដែរ។
សូមបញ្ជាក់ដែរថា៖ ពលរដ្ឋភៀសសឹក និងពលរដ្ឋដែលមានជីវភាពខ្វះខាតមកពីឃុំចំនួន៤ (ឃុំបែកចាន ឃុំឆក់ឈើនាង ឃុំពើក ឃុំក្រាំងម្កាក់) ចូលរួមទទួលអំណោយដោយផ្ទាល់ ដោយឡែកឃុំចំនួន ៦ទៀតតំណាងក្រុមការងាររបស់ឃុំនីមួយៗចាំទទួលអំណោយពីតំណាងសហគមន៍ និងក្រុមហ៊ុនដើម្បីចែកអំណោយនៅតាមឃុំរៀងៗខ្លួន ក្នុងនោះអំណោយដែលចែកជូនដល់ពលរដ្ឋភៀសសឹក និងពលរដ្ឋដែលមានជីវភាពខ្វះខាត់គឺបានមកពីក្រុមការងារស្រុកអង្គស្នួល និងចូលរួមពីប្រធានសហគមន៍មណ្ឌលអភិវឌ្ឍន៍កុមារភូថសានមីងហួព្រៃតូច និងប្រធានក្រុមហ៊ុន shanghai Boaheng Construction Co.,Ltd. អំណោយដែលផ្តល់ជូននាពេលនេះក្នុងមួយគ្រួសារទទួលបាន៖អង្ករ២០គីឡូក្រាម,មីជាតិ១កេស,ទឹកសុទ្ធមួយកេស,សាច់ក្រក១ថង់,សាប៊ូដុសខ្លួន,ទឹកត្រី១យួរ,ទឹកស៊ីអ៉ីវ១យួរ,អំបិល១កញ្ចប់,អាវរងារ, និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕








