ឯកឧត្តម គួច ចំរើនអភិបាលខេត្តកណ្តាលក្រុងសំពៅពូន គឺជាក្រុងមួយដែលមានសក្ដានុពល មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ក្នុងការទាក់ទាញអ្នកវិនិយោគ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានលើកឡើងថា ក្រុងសំពៅពូន គឺជាក្រុងមួយដែលមានសក្ដានុពលនុពល មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ក្នុងការទាក់ទាញអ្នកវិនិយោគមកធ្វើការបណ្ដាក់ទុនរកស៊ីនៅទីនេះ ហើយក៏ជាក្រុងមួយក្នុងចំណោមក្រុង-ស្រុកដទៃទៀតដែលមានការអភិវឌ្ឍន៍ខ្លាំងជាងគេនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលផងដែរ។
ការលើកឡើងនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន១១ភូមិ សរុបចំនួន ៨០៣០បណ្ណ ស្ថិតនៅភូមិក្បាលកោះ ភូមិឈើខ្មៅ ភូមិចុងកោះ ភូមិត្រពាំងជ្រៃ ភូមិត្រើយកោះ ភូមិក្បាលជ្រោយ ភូមិកោះតូច ភូមិចុងខ្សាច់ ភូមិធំភូមិថ្មី ភូមិទួលស្វាយ សង្កាត់ឈើខ្មៅ ខេត្តកណ្តាល នៅបរិវេណវត្តត្រពាំងជ្រៃ ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
ឯកឧត្តមអភិបាលខេត្ត បន្តថា៖ នៅរដូវទឹកសម្រកខាងមុខនេះ ផ្នែកខាងកើតទន្លេបាសាក់នៃក្រុងសំពៅពូន នឹងមានការកសាងនូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមទៀត ដោយក្រុមហ៊ុនទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល ក្នុងការសាងសង់តាមការសិក្សាគម្រោងរួចហើយ។ ហើយប្រសិនបើមានលទ្ធភាពនឹងធ្វើការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីសង្កាត់សំពៅពូន មកសង្កាត់ព្រែកជ្រៃ និងសង្កាត់ឈើខ្មៅ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាការអភិវឌ្ឍន៍នៅក្នុងក្រុងសំពៅពូន ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយចុះបញ្ជីដីធ្លីឱ្យបងប្អូនប្រជាពលរដ្ឋដែលមានដីទាំងអស់មានកម្មសិទ្ធិដីធ្លីស្របច្បាប់គ្រប់ៗគ្នា។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មកទទួលបណ្ណកម្មសិទ្ធិគ្រប់ៗគ្នា ហើយនៅពេលដែលទទួលបានកម្មសិទ្ធិដីធ្លីស្របច្បាប់នេះហើយ ត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺបញ្ជាក់បានថា ដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ហើយថែមទាំងងាយស្រួលក្នុងការទិញលក់ផងដែរ៕





