ក្រុមគ្រួសារ លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើអង្គកឋិនទានសាមគ្គី ដង្ហែឆ្ពោះទៅប្រគេនព្រះសង្ឃ នៅវត្តអង្គភ្នំតូច នូវត្រៃយ៍ធំ និងបច្ច័យចំនួន ១,០០០ដុល្លារ

កំពត ៖ ឯកឧត្តមបណ្ឌិត ផែន សុផល និងលោកជំទាវ ទឹម ចិន្តា ព្រមទាំង លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើអង្គកឋិនទានសាមគ្គី ដង្ហែឆ្ពោះទៅវេរប្រគេនព្រះសង្ឃ នៅវត្តអង្គភ្នំតូច ស្ថិតនៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត នូវត្រៃយ៍ធំ និងបច្ច័យចំនួន ១,០០០ដុល្លារ សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត។
ក្នុងពិធីដង្ហែអង្គកឋិនទានសាមគ្គី នៅវត្តអង្គភ្នំតូច នេះដែរ លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា ព្រមទាំងក្រុមគ្រួសារ ក៏បានផ្ដល់ថវិកាដល់មន្ដ្រីនគរបាល កងកម្លាំងប្រជាការពារ និងពុទ្ធបរិសជុំវិញវត្តសរុបថវិកាជាង ១លានរៀលផងដែរ។
អង្គកឋិនទានសាមគ្គី នៅវត្តអង្គភ្នំតូច នេះ ប្រព្រឹត្តទៅដោយរលូន និងអធិកអធម្មសំបូរសប្បាយតាមបែបព្រះពុទ្ធសាសនា។ ជាពិសេសទៀតនោះ អង្គកឋិនទាន បានប្រព្រឹត្តទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលដូនតាខ្មែរយើង បានបន្សល់ទុកតាំងពីដើមរៀងមក។
នាឱកាសនោះដែរ លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា បានមានប្រសាសន៍សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត លោក លោកស្រី ពុទ្ធបរិស័ទជិត ឆ្ងាយ ដែលមានសទ្ធាជ្រះថ្លា ចូលរួមបច្ច័យ ក្នុងអង្គកឋិនទានសាមគ្គីនាពេលនេះ ដើម្បីបានបច្ច័យយកមកកសាងសមិទ្ធផលនានាក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យមានការរីកចម្រើនរុងរឿង។ មានតែសុខសន្តិភាពទេ ដែលធ្វើឱ្យយើងមានឱកាសក្នុងការរួមគ្នាកសាង និងអភិវឌ្ឍសង្គមជាតិទៅរកភាពរីកចំរើនបាន។
យោងតាមប្រពៃណីព្រះពុទ្ធសាសនានា សម័យពុទ្ធកាលមក បានបង្ហាញថា ពុទ្ធបរិសទ្ទ័នាំគ្នាធ្វើបុណ្យកឋិននេះ គឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនា ស្តីពីកឋិនទានថា ជាកាលទានដ៏មានផល្លានិសង្ឃច្រើនជាងទានទាំងពួង។ តាមពុទ្ធប្បញ្ញត្តិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបាន លុះណាតែបានគង់ចាំព្រះវស្សាអស់ពេល៣ខែ ដោយបរិបូរណ៍ ពុំមានដាច់កិច្ចចូលព្រះវស្សាទេនោះ ក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិសព្ទ័បានដែរ។
បើតាមទំនៀមទំលាប់ តាំងពីសម័យពុទ្ធកាលមក បានពោលថា ជនណាបានធ្វើ បុណ្យកឋិនទាន ដែលនាំឲ្យភិក្ខុសង្ឃ បានទទួលនូវអានិសង្ឃ៥យ៉ាង ឈ្មោះថា ជាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃ ក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោកក្នុងអនាគត។
គួរបញ្ជាក់ថា កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមក តាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក៕
អត្ថបទដែលជាប់ទាក់ទង