ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ សរុបចំនួន ៣២៣គ្រួសារ សមាជិក ១,២៦៣ នាក់ ,ស្រី ៦៤០នាក់ ក្នុងនេះចាស់ជរា ៣៦នាក់ និងកុមារអាយុក្រោម ១៥ឆ្នាំមានចំនួន ៣១៦នាក់ នៅភូមិកោះប្រាក់ និងភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ
កណ្តាល ៖ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានមតិសំណេះសំណាល ដោយនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ជូនចំេពោះគ្រួសាររងគ្រោះទាំងអស់ ដោយក្ដីនឹករលឹក។ ឯកឧត្តមបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជានិច្ចកាលសម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុតពិសេសជនចាស់ជរា កុមារ និងជនពិការជាដើម នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ជាមួយគ្នានេះ សម្តេចតែងបានណែនាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ដោយចុះពិនិត្យផ្ទាល់អំពីជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទៅនៅគ្រប់មូលដ្ឋាន ដោយគ្មានការរើសអើង ប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋរងគ្រោះ មេត្តាប្រុងប្រយ័ត្នថែរក្សាការពារចំពោះកុមារតូចៗដែលពំុទាន់ចេះហែលទឹក គឺចៀសវាងខ្លាចជួបនូវគ្រោះលង់ទឹកស្លាប់ដោយយថាហេតុ។ ម៉្យាងទៀតបងប្អូនត្រូវអនុវត្តនូវអនាម័យ៣ប្រការគឺៈ (ការហូបស្អាត ការផឹកស្អាត និងការរស់នៅស្អាត) ប្រសិនបើបងប្អូនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នោះបញ្ហាសុខភាពរបស់ក្រុមគ្រួសារ ប្រាកដនឹងមានសុភមង្គលជាក់ជាពុំខាន។
ប្រតិភូសាខាបានឧបត្ថម្ភអំណោយជូនជនរងគ្រោះក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី ១កេស ទឹកស៊ីអុីវ ១យួរ ទឹកត្រី ១យួរ និងថវិកាចំនួន ៥ម៉ឺនរៀល។ ជាមួយគ្នានេះផងដែរ អនុសាខា កក្រក ស្រុកកៀនស្វាយ បានផ្តល់ជូនបន្ថែមក្នុង ១គ្រួសារ អង្ករ ១០គីឡូក្រាម និងថវិកា ២ម៉ឺនរៀល។
សូមបញ្ជាក់ជូនថា បន្ទាប់ពីប្រតិភូសាខា បានចុះពិនិត្យផ្ទាល់ដល់លំនៅឋានរបស់បងប្អូនរងគ្រោះរួចមក និងមុនពិធីសំណេះសំណាល ប្រតិភូសាខាក៏បានចូលក្រាបថ្វាយបង្គំព្រះចៅអធិការវត្ត និងព្រះសង្ឃនៅក្នុងវត្តកោះប្រាក់ទាំងមូល ដែលកំពុងគង់ស្នាក់នៅសិក្សារៀនសូត្រក្នុងទីអារាមនេះ ប្រមាណជាង ២០០អង្គ ព្រមទាំងបានប្រគេននូវទេយ្យវត្ថុរួមមាន អង្ករ ១០តោន ,មី ១០០កេស ,ទឹកត្រី ២០យួរ ,ទឹកស៊ីអុីវ ២០យួរ និងបច្ច័យ ចំនួន ១០លានរៀលផងដែរ៕
