BREAKING៖ កម្ពុជា-ថៃឯកភាពគ្នាលើបទឈប់បាញ់ចំនួន ១៣ ចំណុច ក្រោមការសង្កេតការណ៍ពីអាម៉េរិក ចិន ម៉ាឡេស៊ី

កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងប្រទេសថៃ និង កម្ពុជា បានបញ្ចប់ដោយប្រទេសទាំងពីរបានយល់ព្រមលើកិច្ចព្រមព្រៀងអនុវត្តបទឈប់បាញ់ចំនួន ១៣ ចំណុច ដោយមានតំណាងនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុដែលបានព្រមព្រៀងគ្នា ក្នុងគោលបំណងដោះស្រាយភាពតានតឹងនៅតាមព្រំដែន និង ការស្ដារសន្តិភាពដល់តំបន់ព្រំដែន។កិច្ចព្រមព្រៀងនេះ រៀបចំឡើងក្រោមការសង្កេតការណ៍ពី អាម៉េរិក ចិន ម៉ាឡេស៊ី។

ពិធីចុះកិច្ចព្រមព្រៀងរៀបចំឡើងដោយមាន លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជាមួយ នាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ។ខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងគ្នានោះ ភាគីទាំងពីរ កម្ពុជា-ថៃ បានពិភាក្សា និង ឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និង ការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។ ភាគីទាំងពីរក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌប្រតិបត្តិនៃយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និង ឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (Interim Observer Team) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ដើម្បីសង្កេតការណ៍ភ្លាមៗ និង បន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team)។

ភាគីទាំងពីរក៏បានឯកភាព រៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍ និង កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ក្នុងរង្វង់មួយខែក្រោយកិច្ចប្រជុំវិសាមញ្ញ GBC នេះ។ ក្នុងករណីចាំបាច់ភាគីទាំងពីរអាចកោះប្រជុំ វិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ក្នុងទម្រង់ដូចលើកនេះ។

ភ្លាមៗក្រោយចុះកិច្ចព្រមព្រៀងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញសារសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និង ចិន។ ក្នុងកិច្ចប្រជុំ GBC កម្ពុជាក៏បានស្នើសុំឲ្យមានការដោះលែងយោធិនកម្ពុជាទាំង ១៨រូបដែលស្ថិតនៅក្នុងការឃុំគ្រងរបស់កងទ័ពថៃឲ្យបានឆាប់រហ័សផងដែរ៕

អត្ថបទដែលជាប់ទាក់ទង