ឯកឧត្តមនូ សាខនប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល យកអំណោយសប្បុរសធម៌មកចែកជូនបងប្អូនវីរកងទ័ពជួរមុខ ឈរជើងការពារបូរណភាពទឹកដីនៅចំនុចខេត្តព្រះវិហារ
ប្រតិភូខេត្តកណ្ដាល ដឹកនាំដោយឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយកងកម្លាំងទាំងបី រដ្ឋបាលក្រុង-ស្រុក និងមន្ត្រីរាជការ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលទទួលបានពីសប្បជននានា ក្នុងខេត្តកណ្ដាល ផ្ដល់ជូនវីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពានថៃ ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ ក្នុងខេត្តព្រះវិហារ។ បន្ទាប់មកប្រតិភូខេត្តកណ្ដាល បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋភៀសសឹក កំពុងស្នាក់នៅបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ។
សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលរដ្ឋបាលខេត្តកណ្ដាលបានឧបត្ថម្ភរួមមាន៖ តង់ ៤៧, សាប៊ូលាងចាន ១០០ដប និង១០០កេស, ភួយ ៥០០, អង្ករ ៤៤ ៥០០គីឡូ, អំបិល ៣៥គីឡូ, នំUN 900 ១០០កេស, ទឹកសុទ្ធ ១០៥០កេស និង១ ៨៦៨យួរ, ពងទា ៨០ ០០០គ្រាប់, មី ៣៤៩០កេស, ភេសជ្ជៈ ៦០កេស, សៀងឆាសាច់ជ្រូក ៣១៨កំប៉ុង, ត្រីខ ១១៦០យួរ, ត្រីងៀត ៥២គីឡូ, ត្រីឆ្អើរ ៤០ចង្កាក់, ទឹកម្ទេស ៥យួរ, ទឹកស៊ីអ៊ីវ ៧០០យួរ, ទឹកត្រី ១០៦០យួរ, ប្រហុក ៣៣គីឡូ, ប្រេងឆា ៨៨ដប, សៀង ១៩៨គីឡូ, នំកញ្ចប់ ២កេស និង១២០កញ្ចប់ និងបារី ១០កេស។
ឯកឧត្តមគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបន្តថាអំណោយដែលបាននាំមកចែកជូនរួមមាន៖ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលបានមកពីមន្ត្រីរាជការប្រគល់ជូនសាលាខេត្តកណ្តាល ដើម្បីឧបត្ថម្ភផ្គត់ផ្គង់ជូនដល់វីរៈកងទ័ពខ្មែរជួរមុខ ដែលឈរជើងការពារព្រំដែន និងបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលបានភៀសសឹក។
នាឱកាសនោះ ឯកឧត្តមគួច ចំរើន និង ឯកឧនូ សាខន បានសំណេះសំណាលជាមួយបងប្អូនវីរកងទ័ពដែលបានកំពុងឈរជើងការពារទឹកដីពីការឈ្លានពានរបស់សត្រូវនៅជួរមុខ។ឯកឧត្តមគួច ចំរើនបន្តថា កម្ពុជាមិនចង់ឃើញសង្គ្រាមនោះទេ ព្រោះសង្រ្គាមបានធ្វើឲ្យយើងទទួលរងទុក្ខលំបាក វេទនា បែកបាក់គ្រួសារ ឃ្លៀតឆ្ងាយ និងបាត់បង់មនុស្សជាទីស្រលាញ់ផងដែរ។ លោកបន្តទៀតថា សង្រ្គាមបានបន្សល់នូវទុកវិនាសកម្មជាច្រើន ធ្វើឱ្យប្រជាពលរដ្ឋទទួលរងទុក្ខលំបាក វេទនា អន្តរាយ ឈឺចាប់ ខ្លោចផ្សាណាស់ សោកសៅ ទ្រហោយំ ព្រាត់ប្រាស់ និរាសចាកអ្វីៗគ្រប់យ៉ាងទាំងអស់ មិនថា ប្រទេស តូច ឬធំ និងមានឬ ក្រ នោះឡើយ។
ក្នុងឱកាសនោះ ឯកឧត្តមគួច ចំរើន និងឯកឧនូ សាខន ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យស្រឡាញ់សុខសន្តិភាព និងអរគុណសន្តិភាព ព្រោះសន្តិភាពនេះ ជាសេចក្តីសុខរបស់យើងទាំងអស់គ្នា សូមកុំឱ្យមានសង្រ្គាម ទើបយើងនាំគ្នាបួងសួងសុំសន្តិភាព បើមានប្រទេសមានសន្តិភាពទើបមានការអភិវឌ្ឍន៍គ្រប់វិស័យ។ ឯកឧត្តមគួច ចំរើនបន្តឱ្យដឹងទៀតថា ប្រទេសយើងត្រូវប្រទេសថៃឈ្លានពាន រំលោភបំពានក៏ដោយ ក៏មេដឹងនាំយើងនៅតែអត់ធ្មត់ ទប់ចិត្ត ប្រុងកងទ័ពយ៉ាងរឹងមាំ ប្រើបញ្ញា ស្មារតី ចរចា និងការទូតដ៏ឈ្លាសវៃ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។
ឯកឧត្តមគួច ចំរើនក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមសាមគ្គីជួយគ្នាក្នុងគ្រាលំបាក មានទុក្ខរួមទុក្ខ មានសុខរួមសុខ គ្មានអ្វីដែលល្អប្រសើរជាង ពេលបានឃើញប្រទេសជាតិ មានសន្តិភាពនោះទេ ឃើញបងប្អូនបានរស់នៅជួបជុំគ្រួសារ ពោរពេញទៅដោយស្នាមញញឹមគ្រប់ៗគ្នា។
ឯកឧត្តមគួច ចំរើន និងឯកឧនូ សាខនក៏បានបួងសួងសូមអោយប្រទេសកម្ពុជា មានសុខសន្តិភាពដូចមុន និងសូមអោយកងទ័ពជួរមុខទាំងអស់ មានសុវត្ថិភាព និងបានជួបជុំគ្រួសារ ព្រមទាំងសូមឱ្យប្រជាពលរដ្ឋបានសុខសប្បាយ និងបានត្រលប់ទៅភូមិឋានរបស់ខ្លួន និងសូមឱ្យបដិសន្ធិវិញ្ញាណរបស់វីរៈកងទ័ព ដែលបានពលីជីវិតក្នុងសមរភូមិ ទទួលបានសេចក្តីសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
