លោកទ្រី ស៊ីថេង បញ្ជាក់ជំហរ មិនត្រលប់ទៅធ្វើការជាមួយអង្គការវិញទេ តែសុំអនុញ្ញាតលោករដ្ឋមន្ត្រី ដើម្បីអាចទៅលេងជាមួយដំរីឡាក់គី ក្នុងនាមជាសាច់ញាតិម្តងម្កាល

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបជាមួយលោក ទ្រី ស៊ីថេង ដែលជាហ្មថែទាំដំរី ឡាក់គី និងក្រុមហ្មដំរីទាំងអស់ ដែលជាបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ  (Wildlife Alliance) ដោយមានការសម្របសម្រួលពីមន្ត្រីរដ្ឋបាលព្រៃឈើ។ 

ជំនួបនេះ មានគោលបំណងសម្របសម្រួលឱ្យ លោក ទ្រី ស៊ីថេង អាចត្រឡប់ទៅធ្វើការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីមើលថែឡាក់គី វិញ ក៏ដូចជាស្វែងយល់ពីលក្ខខណ្ឌការងាររបស់បុគ្គលិកអង្គការដែលនៅជួយមើលដំរីផងដែរ។

ក្នុងឱកាសនោះ លោក ទ្រី ស៊ីថេង បានជម្រាបជូនលោករដ្ឋមន្ត្រីអំពីសាវតានៃទំនាស់នៅកន្លែងការងារ ដែលជាហេតុនាំឱ្យលោកសម្រេចចិត្តលាឈប់។ លោក បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះអនុស្សាវរីយ៍ការងារជាច្រើនឆ្នាំនៅភ្នំតាម៉ៅ ជាពិសេសការងារថែទាំដំរីឡាក់គី។

យ៉ាងណាមិញ លោក បានបដិសេធ មិនវិលត្រឡប់ទៅធ្វើការនៅកន្លែងចាស់វិញទេ ដោយគ្រាន់តែស្នើសុំការអនុញ្ញាតឱ្យលោកអាចទៅលេង និងចំណាយពេលស្និទ្ធស្នាលជាមួយឡាក់គីម្ដងម្កាលប៉ុណ្ណោះ។

បន្ទាប់ពីបានស្តាប់ការរៀបរាប់របស់លោក ទ្រី ស៊ីថេង លោករដ្ឋមន្ត្រីបានសម្តែងការគាំទ្រ និងកោតសរសើរចំពោះការលះបង់ និងការយកចិត្តទុកដាក់របស់លោកក្នុងការថែរក្សាដំរីឡាក់គី តាំងពីតូចអស់រយៈពេលជាង ២៦ ឆ្នាំ។ លោក រដ្ឋមន្ត្រីយល់ឃើញថា បញ្ហានេះមានភាពស្មុគស្មាញ និងស៊ីជម្រៅជាងអ្វីដែលមើលឃើញពីខាងក្រៅ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានលើកឧទាហរណ៍ប្រៀបធៀបករណីនេះទៅនឹងប្តីប្រពន្ធដែលបានសម្រេចចិត្តលែងលះគ្នា ហើយកូនក៏ត្រូវឃ្លាតឆ្ងាយពីឪពុកឬម្តាយ។ ក្នុងនាមអាជ្ញាធរ លោកមិនអាចបង្ខំឱ្យប្តីប្រពន្ធទាំងពីរមកសម្របសម្រួលគ្នាវិញឡើយ គឺមានតែព្យាយាមផ្សះផ្សាតែប៉ុណ្ណោះ។

ចំពោះសំណើសុំការអនុញ្ញាតទៅលេងឡាក់គី លោករដ្ឋមន្ត្រី បានគាំទ្រនិងលើកទឹកចិត្តឱ្យលោកទ្រី សុីថេង ទៅមកភ្ជាប់មនោសញ្ចេតនាជាមួយឡាក់គី ដូចឪពុកនិងកូន។

ក្រៅពីនេះ លោករដ្ឋមន្ត្រីក៏បានសាកសួរទៅហ្មដំរីផ្សេងៗទៀតដែលជាបុគ្គលិកអង្គការ អំពីលក្ខខណ្ឌការងារផងដែរ។ លោករដ្ឋមន្ត្រីបានសន្យាថា នឹងនាំយកសំណើសំណូមពររបស់លោក ទ្រី សុីថេង និងបុគ្គលិកដទៃទៀត ទៅពិភាក្សាជាមួយតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

ទន្ទឹមនឹងនោះ ដោយយល់ឃើញថា លោក ទ្រី ស៊ីថេង មានចិត្តស្រលាញ់ការងារថែរក្សាសត្វព្រៃ លោករដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើថា ក្រសួងនឹងជួយគាំទ្រដល់ការងារថ្មីរបស់លោក ជាពិសេសការងារដែលទាក់ទងនឹងអភិរក្សសត្វទន្សោង នៅតំបន់ប្រាំបីមុំ ខេត្តកំពង់ស្ពឺ ដែលជាបំណងប្រាថ្នារបស់លោកផ្ទាល់៕

អត្ថបទដែលជាប់ទាក់ទង