អភិបាលខេត្តប៉ៃលិន ផ្តាំផ្ញើដល់បងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ កុំព្រួយបារម្ភរឿងអត់ការងារធ្វើ

បៃលិន៖ នៅចំពោះមុខបងប្អូនពលករ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការណែនាំ ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំ ដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ ត្រូវត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាពបឋម និងដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ ជាពិសេសត្រូវជួយស្វែងរកការងារក្នុងស្រុកជូនដល់បងប្អូនពលករយើង។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងបែបនេះ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរបងប្អូនពលករខ្មែរដែលមកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វិលត្រលប់ទៅស្រុកកំណើតវិញតាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ដោយឥតគិតថ្លៃ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារ គ្រប់គ្រាន់ក៏ដោយហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរបានធ្វើដំណើរ ឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញជាបណ្តើរៗ ដោយរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករនៅក្បែរព្រំដែនដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្នការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ ព្រមទាំងជួយរកការងារជូនបងប្អូនពលករផងដែរ។

សូមរំលឹកថា៖ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារ ក្នុងប្រទេសជូនបងប្អូន ដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅ ខ្វះកម្លាំង ពលកម្មជាមធ្យមជាង ៧ម៉ឺននាក់ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមលក្ខណៈក្នុងការ ជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរ ដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍ សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួន ជាមួយគ្នានេះសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាពិនិត្យ មើលលទ្ធភាព ក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នក ដែល មានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន ។

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

អត្ថបទដែលជាប់ទាក់ទង