រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្លាំងសាមគ្គីជួយឱ្យកម្ពុជាសម្រេចបានភាពស្អាតជាង៨០%
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ – ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយស្មោះអស់ពីបេះដូងជូនចំពោះ កាកបាទក្រហមកម្ពុជា អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ និងប្រតិបត្តិករមេត្រីភាពបរិស្ថានទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មធ្វើឱ្យកម្ពុជាមានភាពស្អាតគួរជាទីមោទនៈ។ ការថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងពិធី «លើកទឹកចិត្តប្រតិបត្តិករមេត្រីបរិស្ថាន ឆ្នាំ២០២៥» ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ភាពជោគជ័យក្នុងការធ្វើឱ្យកម្ពុជាមានភាពស្អាតស្អំនេះ គឺដោយសារតែកម្លាំងសាមគ្គីដ៏រឹងមាំពីគ្រប់មជ្ឈដ្ឋាន ដែលមានប្រមាណជា២ម៉ឺននាក់ក្នុង១ថ្ងៃៗ ចេញមកធ្វើសកម្មភាពសម្អាតកម្ពុជាឱ្យស្អាតជាមួយគ្នានៅទូទាំងប្រទេស។ ឯកឧត្តមបានកោតសរសើរជាពិសេសចំពោះ ប្រជាពលរដ្ឋទូទៅ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ កម្មករ កម្មការិនី ដែលបានរួមចំណែកយ៉ាងសន្ធឹកសន្ធាប់ជាមួយអាជ្ញាធរមូលដ្ឋាន កាកបាទក្រហមកម្ពុជា និងអង្គការសង្គមស៊ីវិល ក្នុងការប្រែក្លាយបរិស្ថានរបស់កម្ពុជាយើងឱ្យមានភាពស្អាត មានសោភ័ណភាពស្រស់បំព្រង គួរជាទីទាក់ទាញ និងជាទីទស្សនាពីទេសចរជាតិ អន្តរជាតិ។
លទ្ធផលជាក់ស្តែងដែលគួរឱ្យកត់សម្គាល់ គឺ កម្ពុជាសម្រេចបាននូវភាពស្អាតជាង ៨០% ដែលជាមោទកភាពរបស់ប្រជាជាតិខ្មែរទាំងមូល។ ជាពិសេសនៅតាមដងវិថីសំខាន់ៗលែងមានសំរាមប្លាស្ទិកហើររាយប៉ាយទៀតហើយ។ នេះជាសញ្ញាណវិជ្ជមានមួយដែលបង្ហាញពីការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋឆ្ពោះទៅរកសង្គមស្អាត បរិស្ថានបៃតង និងចីរភាពសម្រាប់ប្រជាជនគ្រប់ជំនាន់ និងលើឆាកអន្តរជាតិ។ ការសម្រេចបាននូវសមិទ្ធផលនេះ មិនមែនជាការងាររបស់ស្ថាប័នណាមួយនោះទេ តែកើតចេញពីកិច្ចសហការ និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏មិនភ្លេចការដឹងគុណចំពោះអតីតថ្នាក់ដឹកនាំ និងរដ្ឋមន្ត្រីក្រសួងបរិស្ថានមុន ជាពិសេស ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលឯកឧត្តមក៏ជាស្ថាបនិកមេត្រីភាពបរិស្ថានផងដែរ។ ការងារដែលឯកឧត្តម សាយ សំអាល់ បានបន្សល់ទុក បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ក្រសួងបន្តធ្វើសុក្រឹតកម្មកិច្ចការបរិស្ថាន ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ចក្ខុវិស័យនេះ គឺចង់ឱ្យកម្ពុជាក្លាយជាសង្គមជាតិមួយរស់រវើក ជាប្រទេសមានចំណូលខ្ពស់ និងមានសេដ្ឋកិច្ចធន់រឹងមាំ ប្រជាជនកម្ពុជាមានចំណេះដឹងខ្ពស់ និងជំនាញមួយយ៉ាងតិចប្រចាំជីវិត។ ជាមួយគ្នានេះ ប្រជាជននឹងរស់នៅក្នុងសេចក្ដីថ្លៃថ្នូរ សុភមង្គល និងទទួលបានការគាំពារសង្គមប្រកបដោយសមធម៌ ស្មើសិទ្ធិ និងស្មើឱកាស ប្រកបដោយសុខដុមភាព ភាពធន់ បរិយាបន្ន និងតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សធនធានធម្មជាតិ។ ទាំងអស់នេះ គឺស្ថិតក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកបន្តវេនប្រកបដោយសក្ដានុពលពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាមគ្គទេសក៍ឯកនៃនយោបាយឈ្នះ-ឈ្នះ និងជាបិតាស្ថាបនិក ព្រមទាំងមានបទពិសោធន៍មិនអាចកាត់ថ្លៃបាន ហើយបាននាំមកនូវមហាជោគជ័យដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ គឺស្ថិរភាពនយោបាយ សុខសន្តិភាពពេញលេញ និងការឯកភាពជាតិដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជា៕