កម្ពុជាមានសុទិដ្ឋិនិយមថា ទោះបិទការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីថៃ ក៏អាចរក្សាការផ្គត់ផ្គង់តម្រូវការបាន
មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានបង្ហាញសុទិដ្ឋិនិយមពាក់ព័ន្ធបញ្ហាស្ថានភាពនៃការនាំចូលប្រេងឥន្ធនៈ និងឧស្ម័ន ពីប្រទេសថៃ ក៏ប្រទេសកម្ពុជានៅតែមានលទ្ធភាពគ្រប់គ្រាន់នៃការផ្គត់ផ្គង់ផ្ទៃក្នុងការប្រើប្រាស់ និងលទ្ធភាពនៃការនាំចូលពីប្រភពដទៃ ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផ្អាកទាំងស្រុងចំពោះការនាំចូលប្រេងឥន្ធនៈ និងឧស្ម័ន គ្រប់ប្រភេទពីប្រទេសថៃចាប់ពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា កន្លងមកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រទេសថៃ មួយចំនួន ក៏ប៉ុន្តែការនាំចូលភាគច្រើននោះពីប្រទេសសិង្ហបុរី និងវៀតណាមជាដើម។ ឯកឧត្តម បានបន្តថា កម្ពុជាក៏បង្កើនបរិមាណនាំចូលពីប្រទេសផ្សេងៗទៀត ដូចជាប្រទេសសិង្ហបុរីជាដើម ពីព្រោះសព្វថ្ងៃស្ថិតនៅក្នុងការកំណត់ថ្លៃលក់រាយរយៈពេល១០ថ្ងៃម្តង។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ចំពោះមុខនៅពេលនេះ អ្វីដែលព្រួយបារម្ភទៅវិញគឺសង្រ្គាមនៅមជ្ឈឹមបូព៌ាដែលធ្វើឱ្យប្រេងឆៅឡើងថ្លៃ ហើយនឹងអាចជះឥទ្ធិពលដល់ប្រេងចំរាញ់រួចឡើងថ្លៃដែរ ដែលនេះជាចំណុចដែលព្រួយបារម្ភ មិនមែនដោយសារព្រួយរឿងថៃបិទការនាំចូលប្រេងឥន្ធនៈនោះទេ ខណៈកាលពីពេលកន្លងទៅក្រុមហ៊ុន តេលា ក៏បានផ្តល់ព័ត៌មានរួចហើយថា ធានានូវការនាំចូលដើម្បីមានលទ្ធភាពផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុកមិនឱ្យមានបញ្ហាទេ។
ឯកឧត្តមបញ្ជាក់បន្ថែមថា ក្រៅពីបញ្ហាប្រេងឥន្ធនៈ និងឧស្ម័នឯកឧត្តមនៅតែមានសុទិដ្ឋិនិយមចំពោះលទ្ធភាព ដែលកម្ពុជាអាចប្រើប្រាស់ប្រភពផ្សេងៗទាំងប្រភពនាំចូលពីប្រទេសផ្សេងៗ និងប្រភពផលិតកម្មក្នុងស្រុកក្នុងការផ្គត់ផ្គង់បន្លែផ្លែឈើ ត្រីសាច់ សម្រាប់ប្រើប្រាស់ក្នុងស្រុកផងដែរ។
ជុំវិញការលើកឡើងខាងលើនេះ ក្រុមប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ និងបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ផ្តល់ការទុកចិត្តដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើន និងរស់នៅក្រោមម្លប់សន្តិភាពទាំងអស់គ្នា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានចេញសារបញ្ជាក់ថា ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។ សម្ដេចនាយករដ្ឋមន្រ្ដី បានបញ្ជាក់តាមរយៈសារខ្លីទៀតថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា៕