ថ្នាក់ដឹកនាំខេត្តកណ្តាល អំពាវនាវប្រជាពលរដ្ឋ តាមដានព័ត៌មានទាក់ទងបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ និងត្រូវគាំទ្រជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះបាន
ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃអភិបាលខេត្តកណ្ដាល បានធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមតាមដានព័ត៌មាន និងគោលការណ៍នានាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ទាក់ទងទៅនិងបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ សូមប្រជាពលរដ្ឋទាំងអស់ជួយគាំទ្រ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះបាន។ ជាពិសេស សូមជួយផ្ដល់ការគាំទ្រទៅដល់កងទ័ពជួរមុខរបស់យើងទាំងសម្ភារៈ ថវិកា និងស្មារតីទៅតាមលទ្ធភាពរៀងៗខ្លួន។
ការពារវនាវនេះធ្វើឡើង ក្នុងឱកាសដែលឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសចូលកាន់មុខតំណែង អភិបាលរងក្រុងតាខ្មៅ ដែលបានរៀបចំឡើងនៅសាលាក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងពិធីនេះ ឯកឧត្តមអភិបាកខេត្ត បានជំរុញ និងលើកទឹកចិត្ត ទៅដល់អាជ្ញាធរក្រុងតាខ្មៅ ត្រូវតែបន្តយកចិត្តទុកដាក់ និងមានវិធានការតឹងរឹង ដើម្បីបង្ក្រាបទៅលើបញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាចរាចរណ៍ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់។ អាជ្ញាធរក្រុងត្រូវបន្តខិតខំយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្លាប់សាធារណៈក្រុង ឱ្យកាន់តែមានសោភ័ណ្ឌភាព និងមានរបៀបរៀបរយ។ អាជ្ញាធរក្រុងត្រូវមានវិធានការទប់ស្កាត់ និងលុបបំបាត់ឱ្យអស់នូវរាល់ ការសាងសង់សំណង់មិនរៀបរយ គ្មានសណ្តាបធ្នាប់ លើចិញ្ចើមផ្លូវ ត្រូវទប់ស្កាត់កុំឱ្យមានការសាងសង់ថ្មី។
ចំពោះបញ្ហាអនាម័យបរិស្ថាន ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុងតាខ្មៅ ត្រូវខិតខំលើការងារប្រមូលសំរាមឱ្យអស់ពីក្នុងក្រុង ត្រូវធ្វើវេទិកាជាមួយប្រជាពលរដ្ឋពាក់ព័ន្ធនិងការកំណត់តម្លៃ ក្នុងការយកសេវាសសំរាម ដោយមិនត្រូវយកការងារប្រមូលសំរាមធ្វើអាជីវកម្មនោះឡើយ មានន័យថាការប្រមូលសេវាសំរាមនេះ គឺក្នុងគោលដៅដើម្បីជួយផ្ដល់លទ្ធភាពដល់ក្រុង អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រមូលសំរាមបានល្អប្រសើរតែប៉ុណ្ណោះ ហើយមន្ត្រីរាជការត្រូវតែធ្វើជាគំរូក្នុងការផ្ដល់សេវាសំរាមនេះមុនប្រជាពលរដ្ឋ។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការអបអរសាទរចំពោះការចូលកាន់មុខតំណែងអភិបាលរងក្រុងថ្មី ព្រមទាំងបានបានស្នើដល់ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ត្រូវគាំទ្រដល់អភិបាលរងក្រុងថ្មី ព្រមទាំងបានជំរុញដល់លោកអភិបាលរងក្រុង ដែលទើបចូលកាន់មុខតំណែង ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាល បន្ថែមពីនេះត្រូវស្វែងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។
សូមជម្រាបថា លោក ពៅ គឹមលី អភិបាលរង ស្រុកកៀនស្វាយ និង លោក ហេង គឹមហៀង អភិបាលរងស្រុកពញាឮ ត្រូវបានប្រកាសផ្ទេរភារកិច្ចឱ្យចូលកាន់មុខតំណែងជាអភិបាលរងក្រុងតាខ្មៅ។