ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់មន្រ្តីក្រុមការងារជំនាញចុះបញ្ជីដីធ្លី

(ខេត្តកណ្តាល) នៅថ្ងៃសុក្រ០៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការងារចុះបញ្ជីដីធ្លី ជូនដល់មន្រ្តីក្រុមការងារជំនាញចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តកណ្តាល។

ក្នុងអង្កពិធីនោះ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថាៈ ដើម្បីឱ្យការងារចុះបញ្ជីដីធ្លីនៅក្នុងខេត្តកណ្តាល ឱ្យទទួលបានឆាប់រហ័សតាមការកំណត់របស់ក្រសួង ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងទឹកដីនៃខេត្តកណ្តាល សូមឱ្យសិក្ខាមដែលជាមន្ត្រីក្របខណ្ឌ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្តទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់សិក្សា ស្វែងយល់នៅបទបង្ហាញនានា របស់គ្រូឧទ្ទេស ដើម្បីយកចំណេះជំនាញទៅអនុវត្តអោយមានប្រសិទ្ធភាព ធ្វើយ៉ាងណាឱ្យការងារវាស់វែង ដីធ្លីនេះទទូលបានលទ្ធផល ព្រមទាំងសម្រេចបានតាមគោលដៅដែលក្រសួងចង់បាន។

ឯកឧត្តម បានបន្តថា៖ ប្អូនៗក្មួយៗ អ្នកស្ម័គ្រចិត្តដែលបានចូលរួម ក្នុងការចុះរៀបចំវាស់វែងដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធក្នុងទឹកដីនៃខេត្តកណ្តាលនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ជាមួយនឹងក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឱ្យការងារវាស់វែងដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធនេះបានឆាប់រហ័ស និងទាន់ពេលវេលា ជាពិសេសបំពេញតម្រូវការដល់បងប្អូនប្រជាពលរដ្ឋដែលគាត់មិន ទាន់មានប័ណ្ណកម្មសិទ្ធិផ្ទាល់ខ្លួន ដើម្បីគាត់យកទៅប្រើប្រាស់តាមការចាំរបស់ខ្លួន។

ឯកឧត្តម សរ សុវណ្ណ បានវាយតម្លៃខ្ពស់ និងកោតសររសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រីដែលជាគ្រូបង្គោលទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងមមាញឹកចូលរួមធ្វើការបង្ហាត់បង្រៀនដល់សិក្ខាកាម ក្នុងវគ្គបណ្តុះបណ្តាលនេះ។

ឯកឧត្តមក៏សង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងគោរពក្រមសីលធម៌ក្នុងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ដើម្បីការងារចុះបញ្ជីដីធ្លី ឱ្យទាន់ពេលវេលា និងឆាប់រហ័សជូនប្រជាពលរដ្ឋ។

តាមរយៈរបាយការណ៍បូកសរុបលទ្ធផលវគ្គបណ្តុះបណ្តាលរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល រយៈពេល៣ថ្ងៃនេះ ឯកឧត្តមសង្ឃឹមថា មន្ត្រីក្រុមចុះបញ្ជីដីធ្លីទាំងអស់ នឹងយកចំណេះដឹងទាំងនេះ ទៅអនុវត្តការងារចុះបញ្ជី ឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុកក្នុងការអនុវត្តផែនការរយៈពេល២ឆ្នាំ ឲ្យបានចប់ជាស្ថាពរក្នុងការចុះបញ្ជីដីធ្លី ក្នុងខេត្តកណ្តាល។

អត្ថបទដែលជាប់ទាក់ទង