(ខេត្តកណ្តាល)នៅថ្ងៃអង្គារ០៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ ឯឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល។
ក្នុងអង្កពិធីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានពាំនាំការសួរ សុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងការបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា ក្រុមការងារចុះមូលដ្ឋានត្រូវសហការគ្នា ធ្វើជាមួយគ្នាឱ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវ និងមានភាពម្ចាស់ការ ហើយចាំបាច់ត្រូវចុះដល់មូលដ្ឋាន ជាពិសេសគឺតាមខ្នងផ្ទះប្រជាពលរដ្ឋតែម្តង ដើម្បីស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដ របស់ប្រជាពួកគាត់ដើម្បីរួមគ្នាគិតគ្នាដោះស្រាយជូនដល់ពួកគាត់ ឱ្យមានប្រសិទ្ធភាពបំផុត ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនោះរដ្ឋបាលខេត្តកណ្តាល សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលតែងតែដឹកនាំផុ្តល់នូវអនុសាសន៍ល្អៗក្នុងកិច្ចដំណើរការអភិវឌ្ឍមូលដ្ឋាន និងបានគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ដល់រដ្ឋបាលខេត្តជាប់ជាប្រចាំ៕