សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ៖ នាល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារកន្លងមក និងដាក់ចេញផែនការសកម្មភាពបន្ត សំដៅពង្រឹងការងារចុះកសាងសមាជិកគណបក្សនៅមូលដ្ឋានសង្កាត់រកាខ្ពស់។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុយ ឆែលាង និងឯកឧត្តម ឃួន សុវណ្ណ ដោយមានការចូលរួមពីលោក ឈឿន ឆូ ប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់រកាខ្ពស់ ព្រមទាំងសមាជិក សមាជិកា នៃក្រុមការងារចលនាកសាងសមាជិកគណបក្ស និងសមាជិក សមាជិកាគណបក្សក្នុងសង្កាត់ជាច្រើនរូប។
ក្នុងអង្គប្រជុំ អង្គប្រជុំបានស្តាប់របាយការណ៍សង្ខេបស្តីពីលទ្ធផលការងារកសាងសមាជិកគណបក្ស និងសកម្មភាពបម្រើប្រជាពលរដ្ឋនៅតាមភូមិនានាក្នុងសង្កាត់រកាខ្ពស់នាពេលកន្លងមក។ ជាមួយគ្នានេះ អង្គប្រជុំបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព។
មានប្រសាសន៍ណែនាំក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ ឆែលាង បានផ្ដាំផ្ញើដល់ក្រុមការងារ និងគណៈកម្មាធិការគណបក្សសង្កាត់រកាខ្ពស់ ត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុង បង្កើនការចុះជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «បម្រើប្រជាជនដោយស្មោះត្រង់ និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ជួបការលំបាកដោយមិនបានដឹង និងមិនបានជួយដោះស្រាយឡើយ»។
