កិច្ចប្រជុំផ្សព្វផ្សាយផែនការគោល ស្តីពីវិធានការជាយុទ្ធសាស្ត្រសំខាន់ៗ និងយន្តការ ដឹកនាំបញ្ជាក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ
កណ្តាល៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការគោល ស្តីពីវិធានការជាយុទ្ធសាស្ត្រសំខាន់ៗ និងយន្តការដឹកនាំបញ្ជាក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកទាំង១៣។
ក្នុងឱកាសនោះ ឯកឧត្តម ណុប ដារ៉ា បានណែនាំដល់កងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកទាំងអស់ ត្រូវម្ចាស់ការរៀបចំផែនការសកម្មភាពលម្អិតឱ្យបានច្បាស់លាស់ ស្របតាមស្ថានភាពភូមិសាស្ត្រជាក់ស្តែង រួចបញ្ជូនមកសាលាខេត្ត ដើម្បីបូកសរុបរៀបចំជាផែនការរួមរបស់ខេត្ត ឆ្លើយតបទៅនឹងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ លើការងារសំខាន់ៗរួមមាន៖
ការគ្រប់គ្រងប្រជាពលរដ្ឋ និងសេវាសាធារណៈ៖ ធានាសុវត្ថិភាព ការជម្លៀស និងការរៀបចំមណ្ឌលសុវត្ថិភាពជនភៀសសឹក។ ទន្ទឹមនឹងនោះ ត្រូវរក្សាប្រក្រតីភាពនៃប្រព័ន្ធគ្រប់គ្រងរដ្ឋបាលគ្រប់ថ្នាក់ ការផ្តល់សេវាសាធារណៈ និងការផ្គត់ផ្គង់តម្រូវការចាំបាច់ក្នុងជីវភាព (ស្បៀងអាហារ ទឹកស្អាត ថ្នាំសង្កូវ ថាមពល អប់រំ និងសុខាភិបាល)។
ការការពារបូរណភាពទឹកដី និងសន្តិសុខ៖ ត្រូវសហការជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ក្នុងការចូលរួមប្រយុទ្ធផ្ទាល់នៅសមរភូមិមុខ ព្រមទាំងប្តេជ្ញារក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានដាច់ខាតនៅសមរភូមិក្រោយ និងតាមមណ្ឌលសុវត្ថិភាពនានា៕
