អភិបាលខេត្តកណ្តាល ចុះបង្ក្រាបឃ្លាំងស្តុកសាច់បង្កក និងចំណីអាហារខូចគុណភាព នៅស្រុកអង្គស្នួល

កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កាលពីសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

បានដឹកនាំក្រុមការងារចម្រុះ រួមមាន៖ អភិបាលរងខេត្តព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)  អាជ្ញាធរស្រុក និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចុះត្រួតពិនិត្យជាក់ស្តែងឃ្លាំងស្តុកទំនិញ និងសាច់បង្កក ប្រហិតហតដកចំនួន ២កន្លែង ១កន្លែង ស្ថិតចំណុចភូមិព្រៃបឹង និង១កន្លែងទៀតស្ថិតនៅភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ដែលមានម្ចាស់ទីតាំង និងជាម្ចាស់អាជីវកម្ម យីហោ ទ្រី សុភាព (TSP) លក់ប្រហិតហតដកខ្មែរគ្រប់មុខ ។

ក្នុងប្រតិបត្តិការនេះ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា ក្រុមការងារបានរកឃើញការនាំចូល និងស្តុកទុកផលិតផលចំណីអាហារជាច្រើនមុខ ដែលមានភាពមិនប្រក្រតី និងមិនអនុលោមតាមស្តង់ដារសុវត្ថិភាពចំណីអាហារ។ ការត្រួតពិនិត្យបានបង្ហាញថា ទូបង្កកមួយចំនួនមិនបានដំណើរការតាមលក្ខណៈបច្ចេកទេសសម្រាប់រក្សាទុកអាហារឡើយ បើទោះបីជាត្រូវបានដាក់តាំងនៅទីតាំងក៏ដោយ ដែលបង្កឱ្យមានការសង្ស័យថា ជាការបន្លំសាធារណជនអំពីស្ថានភាពរក្សាទុកទំនិញតាមស្តង់ដាដែលបានកំណត់។

 

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ក្រុមការងារក៏បានរកឃើញផលិតផលមួយចំនួនមិនមានកាលបរិច្ឆេទផលិត ឬកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ច ហើយផលិតផលខ្លះទៀតបានផុតកំណត់គុណភាពរួចហើយ ប៉ុន្តែនៅត្រូវបានរក្សាទុកសម្រាប់ចែកចាយបន្ត។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺមានការរកឃើញម៉ាស៊ីន និងសកម្មភាពវេចខ្ចប់ឡើងវិញ ដែលអាចពាក់ព័ន្ធនឹងការកែប្រែកាលបរិច្ឆេទប្រើប្រាស់ ឬការវេចខ្ចប់ទំនិញគ្មានគុណភាព ដើម្បីបន្លំអ្នកប្រើប្រាស់។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ក្នុងករណីនេះ អាជ្ញាធរនឹងបន្តអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះអ្នកពាក់ព័ន្ធ មួយវិញទៀតចំពោះទំនិញដែលត្រូវបានកំណត់ថាគ្មានគុណភាព និងបង្កហានិភ័យដល់សុខភាពសាធារណៈ នឹងត្រូវកម្ទេចចោល។ ចំណែកផលិតផលមួយចំនួនទៀត ដែលនៅមានកាលបរិច្ឆេទប្រើប្រាស់ ប៉ុន្តែស្ថិតក្រោមការសង្ស័យ ក្រុមមន្ត្រីជំនាញ ក.ប.ប. បានយកសំណាកទៅវិភាគបន្ថែម មុនសម្រេចចាត់វិធានការបន្ត។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា តាមការត្រួតពិនិត្យ ទីតាំងខាងលើនេះ គឺបានប្រើប្រាស់ស្លាកយីហោ TSP ដែលជាឈ្មោះក្រុមហ៊ុនបានចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវ។ តែទោះជាយ៉ាងណា ការស៊ើបអង្កេតបឋមបង្ហាញថា ក្រុមហ៊ុនមិនបានផលិតផលិតផលដោយខ្លួនឯងនោះទេ ប៉ុន្តែបានទិញសាច់ និងចំណីអាហារពីប្រភពផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស មកវេចខ្ចប់ និងចែកចាយបន្ត ករណីនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ច។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយ និងម្ចាស់ស្តង់លក់ទំនិញទាំងឡាយ ដែលបានទទួលផលិតផលពីក្រុមហ៊ុន TSP សូមផ្អាកការលក់ និងប្រគល់ផលិតផលទាំងនោះជូនក្រុមការងារជាបន្ទាន់ ដើម្បីធ្វើការត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានត្រឹមត្រូវ។ ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា ការចូលរួមសហការពីសាធារណជន និងអ្នកពាក់ព័ន្ធទាំងអស់ គឺមានសារៈសំខាន់ក្នុងការទប់ស្កាត់ការចែកចាយចំណីអាហារខូចគុណភាព និងការពារសុខភាពប្រជាពលរដ្ឋ ជាពិសេសកុមារ និងអ្នកប្រើប្រាស់ទូទៅ ពីហានិភ័យដែលអាចបង្កឡើងដោយផលិតផលគ្មានសុវត្ថិភាពទាំងនេះ។

សូមបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការនេះបើតាមរបាយការណ៍របស់មន្ត្រីជំនាញ គឺបានដកហូតឧបករណ៍ និងសម្ភារៈដូចជា៖ ១.ប្រហិតចម្រុះ១៣មុខ ទម្ងន់ ១០០០kg ,២.ប្រហិតក្តាម នំប៉ាវ ហតដក ៣មុខ ទម្ងន់ ៧៥០kg ,៣.ប្រហិតសាច់ក្តាម Chojo ១០កេស ទម្ងន់ ១០០kg ,៤.ប្រហិតម៉ាក់ TSP ទម្ងន់ ៣០០kg ,៥.ប្រហិតហតដក (គ្មានម៉ាក់) ២៥កេស ទម្ងន់ ១៥៥០Kg សរុប ៨៨៩០Kg៕

អត្ថបទដែលជាប់ទាក់ទង