វេទិកាសារព័ត៌មានលើប្រធានបទ «ការខូចខាតប្រាសាទព្រះវិហារ សម្បត្តិបេតិកភណ្ឌពិភពលោក» ត្រូវបានរៀបចំឡើងនៅភ្នំពេញ

ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំវេទិកាសារព័ត៌មានមួយ ស្តីពីប្រធានបទ «ការខូចខាតប្រាសាទព្រះវិហារ សម្បត្តិបេតិកភណ្ឌពិភពលោក» ដោយមានកិច្ចសហការរៀបចំពីក្លិបអ្នកកាសែតកម្ពុជា។

វេទិកានេះមានការចូលរួមពីអ្នកសារព័ត៌មានចំនួន ៦១ នាក់ មកពីស្ថាប័នសារព័ត៌មានចំនួន ៤៣ អង្គភាព ដើម្បីស្តាប់បទបង្ហាញ ពិភាក្សា និងសួរ-ឆ្លើយជុំវិញបញ្ហាខូចខាតនៃប្រាសាទព្រះវិហារ និងផលប៉ះពាល់ពាក់ព័ន្ធ។

ក្នុងឱកាសនេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងមតិស្វាគមន៍ និងណែនាំវាគ្មិនកិត្តិយស ដោយបានលើកឡើងពីសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងការចូលរួមរបស់អ្នកសារព័ត៌មាន ក្នុងការពង្រឹងការយល់ដឹងសាធារណៈអំពីបេតិកភណ្ឌជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ផង សំអឿន អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ បានធ្វើបទបង្ហាញអំពីស្ថានភាពខូចខាតនៃប្រាសាទព្រះវិហារ និងផែនការជួយសង្គ្រោះក្នុងជំហានបឋម បន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានបណ្តាលឱ្យមានការខូចខាតជាច្រើនកន្លែងលើប្រាសាទ និងតំបន់ជុំវិញ ។

បន្ថែមលើនេះ លោក គឹម សំណាង ប្រធាននាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍសហគមន៍ នៃអាជ្ញាធរជាតិព្រះវិហារ បានបង្ហាញអំពីផលប៉ះពាល់នៃជម្លោះព្រំដែន ទៅលើជីវភាពរស់នៅរបស់ប្រជាសហគមន៍ក្នុងតំបន់ និងវិស័យទេសចរណ៍។

ក្នុងនោះដែរ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានលើកឡើងអំពីហានិភ័យនៃសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលនៅសល់ក្រោយជម្លោះ និងអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

វេទិកានេះក៏បានបើកឱកាសឱ្យអ្នកសារព័ត៌មានសួរសំណួរ និងពិភាក្សាជាមួយវាគ្មិន ដើម្បីបន្ថែមការយល់ដឹងលើប្រធានបទខាងលើ។

នៅចុងកម្មវិធី លោក ពុយ គា បានថ្លែងអំណរគុណចំពោះវាគ្មិន និងអ្នកចូលរួមទាំងអស់ ដែលបានចូលរួមចែករំលែកព័ត៌មាន និងទស្សនៈសំខាន់ៗ ដើម្បីជួយលើកកម្ពស់ការយល់ដឹង និងការអភិរក្សប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង