ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចូលរួមពិធីសាសនា ប្រគេនទេយ្យវត្ថុ និងរំលឹកគុណវីរៈកងទ័ព នៅវត្តព្រះលានព្រះ វត្តសុវណ្ណបទុមវតី និងវត្តមណីរតនាថ្មដា

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកអូររាំងឪ ពញាក្រែក និងស្រុកត្បូងឃ្មុំ រួមជាមួយនឹងថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ ដែលជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ពញាក្រែក និងស្រុកត្បូងឃ្មុំ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១០ នៅវត្តព្រះលានព្រះ ស្ថិតក្នុងស្រុកពញាក្រែក វត្តសុវណ្ណបទុមវតី (ហៅវត្តរកាឃ្នួច) នៅក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ និងវត្តមណីរតនាថ្មដា ហៅវត្តថ្មដាកើត ឋិតក្នុងឃុំទួលសូភី ស្រុកអូររាំងឪ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនៃអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១០ នៅក្នុងវត្តទាំង៣ទីតាំងនេះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន រួមទាំងឯកឧត្តម លោកជំទាវជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ពញាក្រែក និងស្រុកត្បូងឃ្មុំ បានអញ្ជើញចូលរួមធ្វើនមស្ការព្រះរតនត្រ័យ សមាទានសីល រម្លឹកដល់គុណ ព្រះរតនៈត្រៃយ៍ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងរាប់បាត្រ ប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃ និងបង្សុកូលដើម្បីជាកិច្ចឧទ្ទិសមហាកុសល ជូនចំពោះវិញ្ញាណក្ខន្ធញ្ញាតិកា ទាំង៧សណ្តាន ដែលបានចែកឋាន ទៅកាន់ឋានបរមសុខ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជា ដ៏អង់អាចក្លាហាន ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី។

សូមជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាឆ្នាំនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ហើយក៏ជាពិធីបុណ្យធំនិងមានរយៈពេលវែងជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា និងជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ៕

អត្ថបទដែលជាប់ទាក់ទង