នាយឧត្តមសេនីយ៍ ខឹម សោភ័ណ នាំថវិការបស់សប្បុរសជនខ្មែររស់នៅទីក្រុងឡុងប៉ិច រដ្ឋកាលីហ្វ័រនីញ៉ា និងក្រុមការងារប្រឹក្សាភិបាលស៊ីម៉ាក់ ប្រគល់ជូនវីរកងទ័ព ដែលកំពុងព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ខឹម សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ បានចុះសួរសុខទុក្ខ និងនាំយកថវិកាដែលទទួលបានពីការឧបត្ថម្ភរបស់សប្បុរសជនខ្មែរ កំពុងរស់នៅទីក្រុងឡុងប៉ិច រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក មកប្រគល់ជូនវីរកងទ័ពកម្ពុជា ដែលមានរបួសក្នុងសមរភូមិការពារទឹកដី ពីការឈ្លានពានរបស់កងទ័ពថៃ ដែលកំពុងសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរព្រះកុសុមៈ (មន្ទីរពេទ្យលោកសង្ឃ)។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ឡេង សុជា អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាលស៊ីម៉ាក់ ព្រមទាំងបុគ្គលិកនៃក្រុមប្រឹក្សាភិបាលស៊ីម៉ាក់មួយចំនួនទៀតផងដែរ។ សម្រាប់សប្បុរសជនខ្មែរដែលរួមគ្នាបរិច្ចាគថវិការួមមាន៖ លោក ឈួន ចន្ទឆាយា និងភរិយា, លោក ហង្ស សុខា និងអ្នកស្រី ឌុក អមរេន, លោក ហង្ស សំអាត និងអ្នកស្រី ខឹម សូម៉ាណា, លោក សេក សុជាតិ និងភរិយា, លោក ខឹម សុភ័ក្ត និងភរិយា, លោក ហង្ស ឥណ្ឌូ និងអ្នកស្រី គង់ ស្រីនាង, លោកស្រី លឹម ប្រាយអែន និងភរិយា, លោក ប៊យ សាមិត្ត និងភរិយា, លោក លឹម មុនី និងភរិយា, លោក អែម សារ៉ាយ និងភរិយា, លោក ស៊ុំ សឿង និងលោកស្រី ខឹម សំគន្ធា, លោក ខឹម សាទុំ និងលោកស្រី សុខ សាមី, លោក ជា គឹមប៉ោ និងលោកស្រី ខឹម ម៉ាលីដា, លោក នៅ ចន្ទតារា, លោក ជា អាដាំ និងលោកស្រី ខឹម សាមាលី, លោក សែម ប៊ុនសឿ និងលោកស្រី ខឹម ធាឡែន, លោក ខឹម វិច័ន្ទ និងលោកស្រី អាន ជូលី និងលោក ម៉ៅ ធួន និងភរិយា រួមជាមួយក្រុមការងារប្រឹក្សាភិបាលស៊ីម៉ាក់។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ខឹម សោភ័ណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ ជូនដល់បងប្អូនវីរកងទ័ពកម្ពុជាផងដែរ។
នាយឧត្តមសេនីយ៍ ខឹម សោភ័ណ បានកោតសរសើរចំពោះវីរភាពរបស់វីរយុទ្ធជនកម្ពុជា ក្នុងបុព្វហេតុការការពារជាតិ មានតុភូមិពីការឈ្លានពានរបស់កងទ័ពថៃ និងបានសម្ដែងនូវការកោតសរសើរ និងដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន របស់វីរកងទ័ពការពារបូរណភាពទឹកដី និងសូមផ្តាំផ្ញើការសួរសុខទុក្ខ ការនឹករលឹកចំពោះបងប្អូនកងទ័ពទាំងអស់ សូមជូនពរបានឆាប់ជាសះស្បើយ។
អតីតជាកងទ័ពធ្លាប់ឆ្លងកាត់សមរភូមិប្រយុទ្ធរាប់អស់, នាយឧត្តមសេនីយ៍ ខឹម សោភ័ណ បានថ្លែងទាំងចិត្តក្តុកក្តួលអួលដើមកទៅកាន់វីរកងទ័ពថា «យើងទាំងអស់គ្នាពិតជាសូមអរគុណណាស់ និងមានមោទនភាពជាខ្លាំងចំពោះវីរភាពដ៏អង់អាច ហ៊ានលះបង់ពលី ស៊ូស្លាប់ដើម្បីជាតិមាតុភូមិរបស់យើង សូមវីរកងទ័ពយើងដែលរងរបួសឆាប់ជាសះស្បើយ ហើយភាពអង់អាចរបស់កងទ័ពយើង នឹងឋិតនៅជាការចងចាំរបស់ប្រជាជនយើងកម្ពុជាយើងជារៀងរហូត»។
នាយឧត្តមសេនីយ៍ ខឹម សោភ័ណ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យ ដែលខិតខំប្រឹងប្រែងបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ពិសេសការចុះចូលរួមចំណែកដោយផ្ទាល់ ចូលរួមជួយគាំទ្រផ្នែកបច្ចេកទេសវេជ្ជសាស្ត្រ ក៏ដូចជាការគាំទ្រលើកទឹកចិត្តស្មារតី។
បន្ថែមពីនោះ នាយឧត្តមសេនីយ៍ ខឹម សោភ័ណ ក៏បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភជាសម្ភារៈប្រើប្រាស់ និងថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយលោកដែលនេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្តប្រពៃថ្លៃថ្លារបស់ប្រជាជនខ្មែរ។
សូមជម្រាបថា ការអញ្ជើញចុះសួរសុខទុក្ខ ក៏ដូចជាពិនិត្យបន្ថែមពីការថែទាំព្យាបាលដល់វីរកងទ័ពយើង ដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងលើនេះ បានធ្វើឱ្យវីរកងទ័ពស្រក់ទឹកភ្នែក ព្រោះតែរំភើបនឹងការយកចិត្ដទុក្ខដាក់យ៉ាងកក់ក្ដៅ ពីថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងប្រជាជន ដែលធ្វើឱ្យវីរកងទ័ពមានកម្លាំងចិត្ដ ភាពក្លាហ៊ានមោះមុតកាន់តែខ្លាំង និងជាការចងចាំមួយដ៏ល្អសម្រាប់យុទ្ធជនស្នេហាជាតិ ដែលលះបង់ឈាមស្រស់លើសមរភូមិប្រកបដោយមោទនភាព។
ជាមួយគ្នានេះដែរ វីរកងទ័ពម្នាក់ដែលបម្រើការនៅសមរភូមិមុខបានច្បាំងតតាំងជាមួយសត្រូវឈ្លានពាន និងកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ បានគោរពថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ ដែលបានយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពរបស់បងប្អូនវីរកងទ័ពកម្ពុជា នៅគ្រប់កាលៈទេសៈ៕

