រាជរដ្ឋាភិបាលកម្ពុជា គួរកសាងរូបសំណាក ឬស្តូបរំលឹកវិញ្ញាណក្ខន្ធរបស់វីរកងទ័ព ពលីជីវិត បន្ទាប់ពីជម្លោះប្រដាប់អាវុធ កម្ពុជា-ថៃ ត្រូវបានបញ្ចប់!
ជាងនេះទៅទៀត ខ្ញុំក៏សូមគោរពនិងកោតសរសើរដោយស្មោះចំពោះវីរភាពរបស់វីរយុទ្ធជន ឈរជើងនៅសមរភូមិជួរមុខទាំងអស់ ដែលបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញ ធ្វើពលិកម្មដើម្បីជាតិ មាតុភូមិ ជាទីស្រឡាញ់នៃយើង។
ខ្ញុំ និងក្រុមគ្រួសារ ក៏ដូចប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លារបស់វីរយុទ្ធជនទាំងអស់ ពិសេសចំពោះអ្នកដែលបានពលីជីវិតនៅក្នុងសមរភូមិ។
ដើម្បីជាការរំលឹកដល់វីរយុទ្ធជនស្នេហាជាតិទាំងអស់នោះ ក្នុងនាមជាពលរដ្ឋមួយរូប ខ្ញុំសូមគោរពស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ជួយកសាងរូបសំណាក ឬស្តូបរំលឹកវិញ្ញាណក្ខន្ធ មានតម្កល់រូបថតភ្ជាប់ដោយជីវប្រវត្តិសង្ខេបរបស់វីរកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ នៅទីតាំងណាមួយ ដើម្បីទុកជានិមិត្តរូបនៃវីរភាពដ៏អង់អាចក្លាហានរបស់ពួកគាត់ និងដើម្បីឱ្យប្រជាពលរដ្ឋ បានគោរពដឹងគុណនិងចងចាំនូវគុណបំណាច់ដ៏ថ្លៃថ្លារបស់វីរយុទ្ធជនទាំងអស់នោះ បន្ទាប់ពីជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ ត្រូវបានបញ្ចប់ជាស្ថាពរ។
ជាមួយគ្នានេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពវីរកងទ័ព និងនគរបាល ដែលបានពលីជីវិតក្នុងជម្លោះប្រដាប់អាវុធ កម្ពុជា-ថៃ និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ព និងនគរបាលទាំងនោះ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
