(បាងកក)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនានេះ ក្រុមអ្នកតវ៉ា និងបណ្ដាញនិស្សិតថៃ បានប្រមូលផ្តុំគ្នានៅក្បែរការិយាល័យរដ្ឋាភិបាលថៃ ដោយទាមទារឱ្យនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែង បន្ទាប់ពីមានការបែកធ្លាយការសន្ទានតាមទូរស័ព្ទជាមួយសម្តេចតេជោលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Bangkok Post។
ការតវ៉ាកំពុងដឹកនាំដោយក្រុមនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ (Network of Students and People for Reform of Thailand) ដែលធ្លាប់ធ្វើបាតុកម្មជាច្រើនដងដែរ ដើម្បីទាមទាររកការបញ្ជាក់អំពីសុខភាពរបស់ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ដែលជាឱពុករបស់លោកស្រី Paetongtarn អំឡុងពេលដែលលោក ថាក់ស៉ីន ជាប់ពន្ធនាគារ។
ក្រុមអ្នកតវ៉ា បានចាប់ផ្តើមការប្រមូលផ្តុំ នៅស្ពាន Chamai Maruchet ខាងមុខការិយាល័យរដ្ឋាភិបាល ជាកន្លែងដែលមានការរៀបចំឆាក ហើយអ្នកកាន់ក្បាលមេក្រូ អំពាវនាវឱ្យលោកស្រី Paetongtarn ចុះចេញពីតំណែង។ មានការរឹតបន្តឹងសន្តិសុខ នៅជុំវិញការិយាល័យរដ្ឋាភិបាល ដោយរថយន្តប៉ូលិសតម្រៀបជួរគ្នា និងដាក់របាំងការពារកម្រាស់ ៣ជាន់ នៅនឹងជើងស្ពាន ដើម្បីរារាំងអ្នកតវ៉ាមិនឱ្យចូលក្នុងបរិវេណការិយាល័យ។
អាជ្ញាធរនិយាយថា ពួកគេក៏កំពុងត្រួតពិនិត្យមិនឱ្យមានការបន្លឺសំឡេងកងរំពង។ ចរាចរណ៍នៅតំបន់នោះ ដំបូងឡើយត្រូវបាន ប៉ុន្តែបានបើកឡើងវិញនៅម៉ោង ៩ព្រឹក៕