មន្ទីរពេទ្យជាតិ តេជោសន្តិភាព នៅក្នុងខណ្ឌព្រែកព្នៅ បានរៀបចំទីកន្លែងរបស់ខ្លួន ដើម្បីត្រៀមទទួលអ្នកជំងឺ ប្រសិនបើមានការផ្ទុះរាលដាលខ្លាំងនាពេលខាងមុខ។ ការរៀបចំទីតាំង ក៏ដូចជាសម្ភារៈ បរិក្ខារពេទ្យ បម្រុងទុកនេះ គឺបន្ទាប់ពីជំងឺកូវីដ-១៩ ប្រភេទបម្លែងថ្មី ហាក់កំរើកការឆ្លងរាលដាលឡើងវិញ នៅក្នុងរយៈពេលចុងក្រោយនេះ។ លោកវេជ្ជបណ្ឌិត ណូ សុភា នាយករងមន្ទីរពេទ្យជាតិតេជោសន្តិភាព បានបង្ហោះរូបភាពមួយចំនួន អមដោយការពិពណនា អំពីការត្រៀមខ្លួនរបស់មន្ទីរពេទ្យឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅរសៀលថ្ងៃទី១៩ ខែឧសភានេះ។
ជុំវិញវិធានការការពារការផ្ទុះរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្រសួងសុខាភិបាល បានជំរុញឱ្យពលរដ្ឋដែលអាយុចាប់ពី១២ឆ្នាំឡើង ទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋានសុខភាពសាធារណៈ។ ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩នៅកម្ពុជា គឺក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវី-១៩ ថ្មី ក្នុងសហគមន៍ចំនួន៦ករណី នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។