សមត្ថកិច្ចជលផលបង្ក្រាបការដឹកជញ្ជូនលៀសល្អិតៗចំណីសត្វ ត្រៀមឡើងរថយន្តយកទៅលក់នៅប្រទេសវៀតណាមចំនួន៤៥ការ៉ុង នៅភូមិសេះស្លាប់ ក្នុងស្រុកបរិបូណ៌

(កំពង់ឆ្នាំង) :  សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំងបានចុះបង្ក្រាបការដឹក ជញ្ជូនលៀសតូចៗចំណីសត្វចំនួន៤៥ការ៉ុង ដែលត្រៀមឡើងរថយន្តទៅលក់នៅប្រទេសវៀតណាម ករណីបង្ក្រាបនេះបានធ្វើឡើងនៅមាត់កំពង់ទឹក ក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

លោក អ៊ូ សោភ័ណ្ឌ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនៅល្ងាចថ្ងៃអាទិត្យទី១៤ខែមករានេះបានអោយដឹងថាក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍អំពីសកម្មភាពក្រុមឈ្មួញកំពុងធ្វើសកម្មភាពច្រលលៀសដាក់ការុងត្រៀមលើកឡើងរថយន្តនៅចំណុចមាត់កំពង់ភូមិសេះស្លាប់ភ្លាម
លោកប្រធានមន្ទីរកសិកម្មខេត្តនិងលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ ឆ្នាំងបានបញ្ជារ ឲ្យលោកដឹកនាំមន្ត្រីផ្នែករដ្ឋបាលផ្សារឆ្នាំង និងមន្ត្រីសង្កាត់ជលផលស្រុកបរិបូណ៌ ចុះពិនិត្យបទល្មើសការលួចដឹកលៀសល្អិតៗចំណីសត្វត្រៀមឡើងរថយន្តទៅលក់នៅប្រទេសវៀតណាម សមត្ថកិច្ចបានពិនិត្យឃើញលៀសល្អិតៗសម្រាប់កិនធ្វើជាចំណីសត្វច្រកការ៉ុងចំនួន៤៥ ការ៉ុងពណ៌ស រកម្ចាស់មិនឃើញសមត្ថកិច្ចក៏បានធ្វើការវះការ៉ុងចាក់លែងលៀសទាំងអស់នោះចោលក្នុងទឹកទន្លេវិញ ហើយជាមួយគ្នានេះដែរនៅចំណុចជិតគ្នានេះសមត្ថកិច្ចក៏បានរកឃើញលៀលធំៗដែលគេសម្រាប់ហាលលក់ទីផ្សារក្នុងស្រុកចំនួន៥០ការ៉ុងផងដែរ ដែលច្បាប់បានអនុញ្ញាតឱ្យធ្វើការនេសាទនិងលក់ដូរក្នុងស្រុក។

.ដោយឡែកមុនសមត្ថកិច្ចមកដល់នៅចំណុចមាត់កំពង់ទឹកភូមិសេះស្លាប់នេះយើងពិនិត្យឃើញនិងថតបាន មានលៀសល្អិតៗប្រភេទលៀសចំណីសត្វមានចំនួន១០០ការ៉ុងដែលគេច្រកទុកនៅមាត់កំពុងទឹកត្រៀមឡើងរថយន្តដឹកទៅលក់នៅប្រទេសវៀតណាម ប៉ុន្តែមុនពេលសមត្ថកិច្ចមកដល់មានរថយន្តបែនដឹកដីពណ៌សមួយឋគ្រឿងបានលួចដឹកយកលៀសនេះចេញអស់៥៥ការ៉ុង ចេញទៅបាត់ហើយទើបសមត្ថកិច្ចមកដល់។
.ប្រជាពលរដ្ឋនៅក្នុងភូមិសេះស្លាប់បានឲ្យដឹងថា មួយរយៈកន្លងមកនេះមានរថយន្តធុនធំប្រភេទយីឌុប ៣គ្រឿង បានចូលមកដឹកលៀសប្រភេទលៀសចំណីសត្វនេះ ស្ទើរតែរៀង រាល់ថ្ងៃក្នុងមួយជើងៗរាប់រយតោន យកទៅលក់នៅប្រទេសវៀតណាម ដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចនោះឡើយ។

ប្រជាពលរដ្ឋបានរិះគន់ថា សមត្ថកិច្ចជលផលនៅក្នុងខេត្តពោធិសាត់ និងខេត្តកំពង់ធំ គេមិនបង្ក្រាបការនេសាទលៀសចំណីសត្វនេះទេ ហើយអ្នកនេសាទលៀសចំណីសត្វដែលច្បាប់ហាមឃាត់នេះតែងលួចនេសាទនិងដឹកជញ្ជូនលៀសមកលក់នៅក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូខេត្តកំពង់ឆ្នាំងយកទៅលក់នៅប្រទេសវៀតណាម ប៉ុន្តែនៅតាមផ្លូវជាតិគេមិនដែលឃើញសមត្ថកិច្ចបង្ក្រាបឬឃាត់រថយន្តដឹកលៀសចំណីសត្វនេះឡើយ ។
ករណីខាងលើនេះប្រសិនបើសមត្ថកិច្ចនៅច្រកទ្វារព្រំដែនមិនឲ្យលៀសចំណីសត្វនេះចេញទៅក្រៅបាននោះ ក៏គ្មានការនេសាទលៀសចំណីសត្វនេះនៅ ក្នុងបឹងទន្លេសាបយើងដែរ។
ករណីនេះប្រជាពលរដ្ឋសំណូមពរប្រមុខរាជរដ្ឋាភិបាលគឺសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតមេត្តាជួយធ្វើការអន្តរាគមន៍អោយលោកឌឹត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដាកបទបញ្ជាអោយបានតឹងរឹងបំផុតដល់សមត្ថកិច្ចពាក់ព័ន្ធ ជួយទប់ស្កាត់និងបង្ក្រាបឱ្យមានប្រសិទ្ធភាពផងទើបយើងអាចរក្សាពូជលៀសតូចៗដែលគេយកធ្វើចំណីសត្វនេះបានគង់វង្សនៅក្នុងបឹងទន្លេសាប។
ព្រោះលៀសចំណីសត្វនេះមានសារៈប្រយោជន៍សំខាន់ណាស់សម្រាប់ប្រព័ន្ធអេកូឡូស៊ី ពពួក ប្លង់តុងវារីជាតិដែលជាចំណីមច្ឆាជាតិនៅ ក្នុងបាតទន្លេនៃបឹងទន្លេសាបដែលជាធនធានជលផលដ៏សំខាន់៕0889846555/070926014

អត្ថបទដែលជាប់ទាក់ទង