BREAKING: អ៊ីស្រាអ៊ែល និងសហរដ្ឋអាម៉េរិក បានបើកការវាយប្រហារលើទីក្រុងតេហ៍រ៉ង់ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសៅរ៍នេះ
អ៊ីរ៉ង់៖ នៅថ្ងៃត្រង់ ថ្ងៃសៅរ៍នេះ អ៊ីស្រាអ៊ែលបានបើកការវាយប្រហារទៅលើរដ្ឋធានីតេហ៍រ៉ង់ ប្រទេសអ៊ីរ៉ង់ ដែលបណ្តាលឱ្យមានផ្សែងខ្មៅហុយឡើងពាសពេញអាកាសចេញពីកណ្តាលទីក្រុងនេះ។ ការវាយប្រហារខាងលើ ហាក់ដូចជាមានគោលដៅនៅក្បែរទីស្នាក់ការរបស់មេដឹកនាំកំពូល អ៊ីរ៉ង់ លោក Ayatollah Ali Khamenei។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា អាម៉េរិកបានចូលរួមក្នុងប្រតិបត្តិការនេះ ប៉ុន្តែព័ត៌មានលម្អិតអំពីកម្រិតនៃការចូលរួមរបស់អាម៉េរិកនៅមិនទាន់ច្បាស់លាស់នៅឡើយទេ ។
ភ្លាមៗក្រោយការវាយប្រហារ អ៊ីស្រាអ៊ែលបានបិទដែនអាកាសរបស់ខ្លួន និងបានជូនដំណឹងឱ្យប្រជាជនត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការវាយប្រហារដោយមីស៊ីលតបតវិញពីសំណាក់ប្រទេសអ៊ីរ៉ង់។ ចំណែកឯនៅទីក្រុងតេហ៍រ៉ង់ឯណោះវិញ អ៊ីរ៉ង់បានកាត់ផ្តាច់សេវាទូរសព្ទ និងបិទដែនអាកាស ខណៈដែលគេនៅមិនទាន់ដឹងច្បាស់ថា តើអ៊ីរ៉ង់នឹងវាយបកវិញភ្លាមៗ ឬយ៉ាងណានោះទេ ប៉ុន្តែអ៊ីរ៉ង់ធ្លាប់បានព្រមានថា មូលដ្ឋានទ័ព និងបុគ្គលិកយោធាអាម៉េរិកក្នុងតំបន់ នឹងក្លាយជាគោលដៅប្រសិនបើខ្លួនត្រូវបានវាយប្រហារ ។
ការវាយប្រហារនេះកើតឡើងចំពេលដែលសហរដ្ឋអាម៉េរិក កំពុងព្យាយាមដាក់សម្ពាធលើអ៊ីរ៉ង់ ឱ្យយល់ព្រមលើកិច្ចព្រមព្រៀងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយអាម៉េរិកបានប្រមូលផ្តុំយន្តហោះចម្បាំង និងនាវាចម្បាំងជាច្រើនគ្រឿងនៅក្នុងតំបន់។ គោលដៅដែលអ៊ីស្រាអ៊ែល-សហរដ្ឋអាម៉េរិក វាយប្រហាររួមមាន ទីតាំងយោធារដ្ឋាភិបាល និងទីតាំងស៊ើបការណ៍របស់អ៊ីរ៉ង់ ។
ជុំវិញបញ្ហានេះ គឺស្ថិតក្នុងបរិបទដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ចង់ឱ្យមានកិច្ចព្រមព្រៀងកំណត់កម្រិតកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ម្យ៉ាងទៀត អ៊ីរ៉ង់កំពុងជួបបញ្ហាផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរដោយសារតែការបះបោរពីសំណាក់ប្រជាជនអ៊ីរ៉ង់ខ្លួនឯង។ ទោះបីជាយ៉ាងនេះក្តី អ៊ីរ៉ង់នៅតែអះអាងថា ខ្លួនមានសិទ្ធិផលិតនុយក្លេអ៊ែរ ហើយបដិសេធមិនចរចាលើបញ្ហាផ្សេងទៀតឡើយ ដូចជា កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ ឬការគាំទ្រក្រុមប្រដាប់អាវុធដូចជា ហាម៉ាស់ (Hamas) និងហេសបូឡាហ៍ (Hezbollah) ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AP/ Al Jazeera/ CNN | រូបភាព៖ Getty Images/ [Ehsan/AFP/Middle East Images/Getty Images]/ AP
