សមាគមថ្នាលយុវជនកម្ពុជាថ្នាក់កណ្តាល នាំយកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងចាស់ជរា នៅស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉ៅ ផល្លា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារថ្នាលយុវជនកម្ពុជា តំណាងឯកឧត្តម រីន រ៉ាវី និងឯកឧត្តម ទួន សុខុន បានសហការជាមួយឯកឧត្តម ឆែម ឈឿន ទីប្រឹក្សាក្រសួងមហាផ្ទៃ អាជ្ញាធរមូលដ្ឋាន និងសហការី នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម ផេង គឹមស្រ៊ុន ប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងចាស់ជរា ចំនួន ៥គ្រួសារ នៅភូមិរយាស ឃុំឈានឡើង និងភូមិថ្មកែវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

អំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារ រួមមាន៖ អង្ករ ១បេ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកក្រូច ១កេស សាប៊ូ ២ថង់ ទឹកសុទ្ធ ២យួរ និងថវិកា ១០ម៉ឺនរៀល។ជាមួយគ្នានេះ ឯកឧត្តម ឆែម ឈឿន និងលោកជំទាវ បានឧបត្ថម្ភកុំព្យូទ័រ ១ឈុត ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ។

ក្នុងឱកាសនេះ លោក ម៉ៅ ផល្លា បានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ព្រមទាំងជូនពរឱ្យទទួលបានសុខភាពល្អ សុភមង្គល និងភាពចម្រើនគ្រប់ប្រការ៕

អត្ថបទដែលជាប់ទាក់ទង