ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល លើកឡើងថា៖ ការប្រមូលសំរាមនៅក្រុងតាខ្មៅ ក្នុងគោលបំណងឱ្យទីក្រុងស្អាត មិនមែនជាការធ្វើអាជីវកម្មលើការប្រមូលសំរាមឡើយ
ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការតម្លើងតម្លៃសេវាប្រមូលសំរាមនៅក្រុងតាខ្មៅ ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុងតាខ្មៅ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកណ្ដាលឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍៖ ការប្រមូលសំរាមនៅក្រុងតាខ្មៅ ក្នុងគោលបំណងដើម្បីអោយក្រុងតាខ្មៅរបស់យើង ក្លាយជាទីក្រុងស្អាតគ្មានសំរាម សម្រាប់តម្លៃប្រមូលសំរាមដែលប្រមូលពីប្រជាពលរដ្ឋ គឺដើម្បីទូទាត់ថ្លៃប្រមូលសំរាមនោះទេ មានន័យថាការបង់ថ្លៃសេវាសំរាមនៅក្រុងតាខ្មៅ មិនមែនជាការធ្វើអាជីវកម្មលើការប្រមូលសំរាមឡើយ។
ឯកឧត្តមអភិបាលខេត្ត បន្តថា៖ សម្រាប់ថ្លៃសេវាសំរាមនៅក្រុងតាខ្មៅ គឺមិនមានការឡើងថ្លៃនោះទេ នៅតែបន្តតម្លៃសេវាដដែល ហើយរដ្ឋបាលក្រុងតាខ្មៅ ត្រូវពិនិត្យលើតម្លៃសេវាប្រមូលសំរាមឡើងវិញនៅក្រុងតាខ្មៅ ដោយផ្អែកទៅលើស្ថានភាពជាក់ស្ដែង ដោយរក្សាបាននូវសោភណ្ឌភាព និងនិរន្តរភាពក្នុងការគ្រប់គ្រងសំរាមនៅក្នុងក្រុងតាខ្មៅ។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុងតាខ្មៅ និងអ្នកពាក់ព័ន្ធ ត្រូវជំរុញដល់ប្រជាពលរដ្ឋដែលរស់នៅក្រុងតាខ្មៅ ឱ្យចូលរួមបង់ថ្លៃសេវាប្រមូលសំរាមឱ្យបានគ្រប់ៗគ្នា ព្រោះថាយើងទាំងអស់គ្នាកំពុងរស់នៅក្នុងទីក្រុង ត្រូវតែចូលរួមបង់ថ្លៃសេវាសំរាមទាំងអស់គ្នា ដើម្បីឱ្យទីក្រុងរបស់យើងក្លាយជាទីក្រុងស្អាតគ្មានសំរាមពាសវាលពាសកាល ហើយនៅពេលដែលប្រជាពលរដ្ឋបង់គ្រប់ៗគ្នារួចហើយ ហើយថវិការបស់យើងមិនអាចធានាឱ្យការទូទាត់បង់ថ្លៃប្រមូលសំរាមនៅក្រុងតាខ្មៅនេះបានស្អាតទេ នោះរដ្ឋបាលក្រុង ត្រូវពិនិត្យ និងពិភាក្សាលើតារាងតម្លៃនេះឡើងវិញ ដើម្បីឱ្យធាននៅតម្លៃសេវាមួយសមរម្យ ប្រជាពលរដ្ឋទទួលយកបាន ហើយក្រុងតាខ្មៅរបស់យើងខ្លាចជាទីក្រុងស្អាត មានសោភ័ណ្ឌភាពល្អ និងមាននិរន្តរភាពរហូតទៅ។
សូមបញ្ជាក់ថា នៅក្រុងតាខ្មៅមានប្រជាពលរដ្ឋប្រមាណជាជិត ៣ម៉ឺនខ្នងផ្ទះ ហើយប្រជាពលរដ្ឋដែលបានបង់ថ្លៃសេវាប្រមូលសំរាមប្រមាណជា ២ម៉ឺនខ្នងផ្ទះប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍នៃការប្រមូលសំរាមរបស់ក្រុមហ៊ុនមួយនៅក្នុងក្រុងតាខ្មៅនាពេលកន្លងមក។