ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋងាយរងគ្រោះដែលខ្វះខាតជីវភាព ចំនួន ៨០គ្រួសារ នៅស្រុកស្រីសន្ធរ

នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណ:កម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា រួមជាមួយ លោក ប្រធានគណ:កម្មាធិការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ យុវជនកាកបាទក្រហមកម្ពុជា និង អ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាពចំនួន ៨០គ្រួសារ មកពី ៥៦ភូមិ នៃ១៤ឃុំ។ កម្មវិធីនេះ បានរៀបចំនៅក្នុង បរិវេណសាលាស្រុកស្រីសន្ធរ ដែលមានពលរដ្ឋងាយរងគ្រោះ រួមមាន ចាស់ជរាគ្មានទីពឹង៤២គ្រួសារ- ជនមានពិការភាព ១០ គ្រួសារ- មានជំងឺប្រចាំកាយ ១០គ្រួសារ- ទ័លលំបាក ១៨ គ្រួសារ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកតា លោកយាយ បងប្អូន ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត ដែលជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ជួយ សម្រាល ទុក្ខលំបាកបានទាន់ពេលវេលា ស្របតាមទិសស្លោក “កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល “។

ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ ក្នុងស្ថានភាពអាកាសធាតុមានការប្រែប្រួល សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺ ត្រូlវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ពិសារទឹកដាំពុះ, ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរលោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពរឹងមាំ អាយុយឺនយូរ បន្តរស់នៅក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍន៍។

ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ លោកតា លោកយាយ និង ពលរដ្ឋទាំងអស់សូមបន្តអប់រំណែនាំកូនចៅឲ្យបានយល់ដឹងអំពីសារៈសំខាន់នៃសន្តិភាពដែល សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងរកបានដោយលំបាកបំផុត។ យើងទាំងអស់គ្នា សូមអរគុណសន្តិភាព សូមអរគុណសម្ដេចតេជោ ហ៊ុន សែន ហើយប្តេជ្ញាថែរក្សាការពារ មរតកសន្តិភាពសម្ដេចតេជោ ឲ្យបានឋិតថេរគង់វង្ស ហើយប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងទាំងឡាយណា ដែលនាំកម្ពុជា វិលទៅរកគ្រោះមហន្តរាយ សារជាថ្មីទៀត។

អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ៨០ គ្រួសារ , ក្នុង ១ គ្រួសារ ទទួលបាន ៖
– អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មី ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០ កំប៉ុង , ឃីត ១កញ្ចប់ និង ថវិកា ៥០.០០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង